Update៖ លោក ហ្សេលេនស្គី អរគុណនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ដែលគាំទ្រអ៊ុយក្រែន!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានអរគុណ នាយករដ្ឋ​មន្រ្តី​អង់​គ្លេស​ថ្មី លោក Keir Starmer ដែលបន្ត​គាំទ្រទីក្រុងគីវ ក្នុងសង្រ្គាមប្រឆាំងនិងរុស្ស៊ី។

លោក Zelenskyy បានសរសេរ​នៅ​លើ​កម្ម​វិធី​ផ្ញើសារ Telegram ដែលបាននិយាយថា លោកបានសន្ទនាជាមួយ លោក Starmer តាម​ទូរស័ព្ទ ហើយបានជូ​ន​ពរលោក​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ការ​បំពេញ​ការងារ​តាម​ការ​រំពឹង​ទុក​របស់​ប្រជាជន​អង់គ្លេស។

លោក Zelenskyy បានសរសេរថា លោកដឹងគុណចំពោះ លោក Keir Starmer សម្រាប់​ការ​ធានា​បាន​ថា ការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសអ៊ុយក្រែន នឹងនៅតែមិន​ផ្លាស់​ប្តូរ​គោលការណ៍​នោះទេ។
លោក Zelenskyy និយាយថា លោកនិង លោក Starmer បានសម្រប​សម្រួល​ជំហរ នៅមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅសប្តាហ៍ក្រោយ ដែល​អ៊ុយក្រែន​សង្ឃឹមថា នឹងស្តាប់ឮអំពីជំហានដែលអាចធ្វើទៅបាន សម្រាប់ទីក្រុងគីវ ដើម្បី​ទទួល​បាន​សមាជិក​ភាព​របស់សម្ព័ន្ធនេះ។

លោក Zelenskyy បាននិយាយថា លោកទន្ទឹងរង់ចាំការ​ចាប់​ផ្តើម​រៀបចំ​សម្រាប់​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​វែង រវាងប្រទេសទាំងពីរ។

ប្រធានាធិបតី​អ៊ុយក្រែន បានចេញសារមួយនៅលើបណ្តាញ X ដែលអបអរចំពោះជ័យ​ជំនះ នៃ​ការ​បោះឆ្នោ​ត​របស់ លោក Starmer និងនិយាយថា លោកទន្ទឹងរង់ចាំធ្វើការរួមគ្នា លើសន្តិភាព​ និង​សន្តិសុខ​អន្តរជាតិ។

លោក Zelenskyy បានសរសេរថា អ៊ុយក្រែន និងចក្រភពអង់គ្លេស នឹងបន្តជាសម្ព័ន្ធ​មិត្ត​ដែល​អាច​ទុក​ចិត្តគ្នាបាន។
យើងនឹងបន្តការពារ និងជំរុញតម្លៃរួមនៃជីវិត សេរីភាព និងសណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើច្បាប់។

លោកក៏បានអរគុណចំពោះនាយករដ្ឋមន្ត្រីគណបក្សអភិរក្សនិយម លោក Rishi Sunak សម្រាប់​ការ​គាំទ្រដ៏ខ្ជាប់ខ្ជួនរបស់លោកដោយនិយាយថា អ៊ុយក្រែននឹងមិនបំភ្លេចទេ នូវសមិទ្ធិផល​ដែល​រួម​មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគី៕

Leave a Reply

Your email address will not be published. Required fields are marked *