(កណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល។
ពិធីនេះក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល ដែលធ្វើឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល នាព្រឹកទី០៦.០៧.២០២៤។
គួរម្លឹកថា ឯកឧត្តម គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល។
លុះថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់សេចក្ដីទុកចិត្ត និងតែងតាំងឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកណ្ដាល ជំនួសឯកឧត្តម គង់ សោភ័ណ្ឌ ដែលទទួលមុខតំណែងថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយឯកឧត្តម គួច ចំរើន ក៏ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជំនួយឯកឧត្តម គង់ សោភ័ណ្ឌ ផងដែរ៕