ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានអរគុណ នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី លោក Keir Starmer ដែលបន្តគាំទ្រទីក្រុងគីវ ក្នុងសង្រ្គាមប្រឆាំងនិងរុស្ស៊ី។
លោក Zelenskyy បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ដែលបាននិយាយថា លោកបានសន្ទនាជាមួយ លោក Starmer តាមទូរស័ព្ទ ហើយបានជូនពរលោកឲ្យទទួលជោគជ័យក្នុងការបំពេញការងារតាមការរំពឹងទុករបស់ប្រជាជនអង់គ្លេស។
លោក Zelenskyy បានសរសេរថា លោកដឹងគុណចំពោះ លោក Keir Starmer សម្រាប់ការធានាបានថា ការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសអ៊ុយក្រែន នឹងនៅតែមិនផ្លាស់ប្តូរគោលការណ៍នោះទេ។
លោក Zelenskyy និយាយថា លោកនិង លោក Starmer បានសម្របសម្រួលជំហរ នៅមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅសប្តាហ៍ក្រោយ ដែលអ៊ុយក្រែនសង្ឃឹមថា នឹងស្តាប់ឮអំពីជំហានដែលអាចធ្វើទៅបាន សម្រាប់ទីក្រុងគីវ ដើម្បីទទួលបានសមាជិកភាពរបស់សម្ព័ន្ធនេះ។
លោក Zelenskyy បាននិយាយថា លោកទន្ទឹងរង់ចាំការចាប់ផ្តើមរៀបចំសម្រាប់កិច្ចព្រមព្រៀងរយៈពេលវែង រវាងប្រទេសទាំងពីរ។
ប្រធានាធិបតីអ៊ុយក្រែន បានចេញសារមួយនៅលើបណ្តាញ X ដែលអបអរចំពោះជ័យជំនះ នៃការបោះឆ្នោតរបស់ លោក Starmer និងនិយាយថា លោកទន្ទឹងរង់ចាំធ្វើការរួមគ្នា លើសន្តិភាព និងសន្តិសុខអន្តរជាតិ។
លោក Zelenskyy បានសរសេរថា អ៊ុយក្រែន និងចក្រភពអង់គ្លេស នឹងបន្តជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តគ្នាបាន។
យើងនឹងបន្តការពារ និងជំរុញតម្លៃរួមនៃជីវិត សេរីភាព និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
លោកក៏បានអរគុណចំពោះនាយករដ្ឋមន្ត្រីគណបក្សអភិរក្សនិយម លោក Rishi Sunak សម្រាប់ការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់លោកដោយនិយាយថា អ៊ុយក្រែននឹងមិនបំភ្លេចទេ នូវសមិទ្ធិផលដែលរួមមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគី៕