ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២!

(ភ្នំពេញ)៖ នៅព្រឹកទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជា​អធិបតី​​បើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២..!។

គួរម្លឹកថា៖ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា​ពាណិជ្ជកម្ម​កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។
វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង។

ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងថា វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ត្រូវបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលនេះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់សាធារណៈរដ្ឋបារាំង កាលពីខែមករា កន្លងទៅ ។
ដែលជាជំហានសំខាន់ដំបូង សម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២នាថ្ងៃនេះ

សម្តេចធិបតី សង្ឃឹមថា កម្ពុជា និងបារាំង នឹងបន្តធ្វើវេទិកាធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងឱ្យ​កា​ន់តែស៊ី​ជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច និងបង្កើតកាលានុវត្តភាព ដែល​ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់អ្នកជំនាន់ក្រោយៗទៀត។

សម្តេចធិបតី បង្ហាញការជឿជាក់ថា ធុរជនបារាំងនឹង​អាច​មើលឃើញពី កាលានុវត្តភាពដ៏ធំទូលាយ នៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគ​របស់កម្ពុជា។

សម្តេចធិបតី បានថ្លែងថា កិច្ចសហការរបស់កម្ពុជា និងបារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ។
សម្តេចធិបតី បានថ្លែងថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេ​មួយនៅ​កម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប។

សម្តេចធិបតី បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើន​ឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០​២​៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងថា ក្រុម​ហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់ សហ​គ្រាស​ធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើន​ទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគពីបារាំង រួមចំណែកដល់ការ​បង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋាន​គ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។
សម្តេចធិបតី បានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោកយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ​៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤។

សម្តេចធិបតី បានថ្លែងថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយទៅជាគោលដៅ វិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ី​អាគ្នេយ៍។

សម្តេចធិបតី បានថ្លែងថា ទសវត្សរ៍ចុងក្រោយនេះ កម្ពុជា តែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួល បានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។
សម្តេចធិបតី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក។

សម្តេចធិបតី បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤, កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ ដង បើ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាល នៃប្រតិបត្តិការអាជីវកម្ម។

សម្តេចធិបតី បានថ្លែងថា កម្ពុជាបាននិងកំពុងអនុវត្តច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងធ្វើការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ ការងារសមរម្យ, កិច្ចគាំរពារសង្គម ឌីជីថលូបនីយកម្ម, និងចីរភាពបរិស្ថាន។

សម្តេចធិបតី បានថ្លែងថា វិនិយោគិន បរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យ ឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព
ដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ គិតរួមគា្ន, ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យ​ឯកជនក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

សម្តេចធិបតី បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។

សម្តេចធិបតី បានថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។

សម្តេចធិបតី ប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។

សម្តេចធិបតី មានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ កម្ពុជានឹងទទួល​បានទំហំវិនិយោគ និងធុរកិច្ចបារាំងខ្ពស់ ដែលបំបែកកំណត់ត្រាឆ្នាំមុនៗ៕

Leave a Reply

Your email address will not be published. Required fields are marked *