Breaking៖ ប្រធានាធិបតីម៉ាដាហ្គាស្ការ រត់គេចខ្លួនបន្ទាប់ពីចេញក្រឹត្យរំលាយសភា!

វិបត្តិនយោបាយនៅប្រទេសម៉ាដាហ្គាស្ការបានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីប្រធានាធិបតី អង់ដ្រី រ៉ាហ្សូអេឡីណា (Andry Rajoelina) បានចេញក្រឹត្យរំលាយសភាជាន់ទាប និងភៀសខ្លួនទៅកាន់កន្លែងមិនស្គាល់ បន្ទាប់ពីមានការបះបោរយោធា និងការតវ៉ារបស់យុវជនជាច្រើនទាមទារឱ្យគាត់លាលែងពីតំណែង។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី14 ខែតុលា ឆ្នាំ2025។

ក្នុងសេចក្តីប្រកាសដែលបានផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋានប្រធានាធិបតី ក្រឹត្យរំលាយសភាត្រូវបានប្រកាសថាមានប្រសិទ្ធិភាពភ្លាមៗ។ ការសម្រេចចិត្តនេះមានឡើងខណៈពេលដែលសមាជិកសភាកំពុងពិភាក្សាអំពីដំណើរការចោទប្រកាន់ប្រធានាធិបតី ដែលអាចនាំឱ្យលោក Rajoelina ត្រូវដកចេញពីអំណាច។
ការរំលាយសភានេះត្រូវបានមើលឃើញថាជាវិធានការមួយ ដើម្បីទប់ស្កាត់ការចោទប្រកាន់នោះ និងរក្សាអំណាចរបស់លោក។

ក្នុងសុន្ទរកថាមួយដែលត្រូវបានចាក់ផ្សាយតាមបណ្តាញសង្គមកាលពីយប់មុន ប្រធានាធិបតី Rajoelina បានបញ្ជាក់ថា គាត់បានចាកចេញពីប្រទេសទៅកាន់កន្លែងសុវត្ថិភាពដោយសារភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្តែមិនបានបង្ហាញពីទីតាំងពិតប្រាកដនោះឡើយ។

សូមបញ្ជាក់ថា៖ វិបត្តិថ្មីនេះកើតឡើងបន្ទាប់ពីអង្គភាពយោធាវរជនមួយ បានចូលរួមជាមួយក្រុមតវ៉ាយុវជនប្រឆាំងរដ្ឋាភិបាលនៅចុងសប្តាហ៍មុន ហើយបានអំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែង។ ព្រឹត្តិការណ៍នេះត្រូវបានគេពិចារណាថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារជាក់ស្តែង៕

Leave a Reply

Your email address will not be published. Required fields are marked *