(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើង នៅសណ្ឋាគារសូហ្វីតែល ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល តែងតែគិតគូពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈមដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងថ្មីៗប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដោយប្រកាន់ខ្ជាប់នូវគោលការណ៍ គិតរួម ធ្វើសកម្មភាពរួម និងទទួលខុសត្រូវរួម។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងបង្កើតនិងអនុវត្តជាបន្តបន្ទាប់នូវយន្តការដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា យន្តការដែលលេចធ្លោរជាងគេគឺ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលសម្តេចបានធ្វើជាអធិបតីក្នុងវេទិកាលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានអនុវត្តកញ្ចប់វិធានការកែទម្រង់ជាក់ស្តែងនានាផងដែរ៕