និយតករហិរញ្ញវត្ថុជាន់ខ្ពស់ របស់កោះតៃវ៉ាន់ បាននិយាយថា៖ ទីភ្នាក់ងាររបស់ខ្លួន មានផែនការឆ្លើយតបបន្ទាន់សម្រាប់លទ្ធផល។
ដែលអាចកើតឡើងណាមួយនៃការបោះឆ្នោតប្រធានា ធិបតីអាមេរិក មិនថា លោក ដូណាល់ ត្រាំ (Donald Trump) ឬលោកស្រី កាម៉ាឡា ហារីស (Kamala Harris ) ជាអ្នកឈ្នះឆ្នោតនោះទេ។
លោក ជីនលុង ផឹង (Jin-lung Peng) ប្រធានគណៈ កម្មការត្រួតពិនិត្យហិរញ្ញវត្ថុតៃវ៉ាន់ (FSC) បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅថ្ងៃពុធ (៣១ កក្កដា) នេះថា យើងពិតជាមានផែនការត្រៀមទុកជាស្រេច ។
ប៉ុន្តែមិន បានផ្តល់ព័ត៌មានលម្អិតលើផែនការនោះទេ។
លោកបានបន្ថែមថា នៅពេលណាដែលយើងកំណត់យុទ្ធសាស្ត្រ យើងត្រូវពិចារណាពីហានិភ័យភូមិសាស្ត្រនយោបាយអន្តរជាតិ និងនយោបាយក្នុងស្រុក។
លោក Trump កាលពីថ្ងៃទី១៧ ខែកក្កដា បាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារជាតិឱ្យសហរដ្ឋអាមេរិក ។
ដោយនោះជាការលើកឡើងដែលបានធ្វើឱ្យមានការរង្គោះរង្គើទូទាំងកោះ និងបានគូសបញ្ជាក់អំពីហានិភ័យនៃការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខសម្រាប់សម្ព័ន្ធមិត្ត និងដៃគូ របស់ទីក្រុងវ៉ាស៊ីនតោន នៅអាស៊ី៕