ប្រធានាធិបតីថ្មី របស់ប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) បានស្បថចូលកាន់តំណែង នៅក្នុងសភា ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារនេះ។
លោកថ្លែងសុន្ទរកថា ដោយនឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិ និងបន្ធូរបន្ថយការរឹតត្បិតលើសេរីភាពសង្គមនៅក្នុងប្រទេស។
លោក Pezeshkian បានប្រកាសថា ការបោះឆ្នោតរបស់លោកនឹងបើក ឱកាសថ្មី សម្រាប់ប្រទេសអ៊ីរ៉ង់ និងពិភព លោក។
លោកបាននិយាយថា យើងអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចយល់អំពីការពិត និងបង្កើតទំនាក់ ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងគោលជំហរស្មើភាព។
លោក Pezeshkian ចូលកាន់តំណែងក្នុងពេលមានភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងបានមើលឃើញប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិកបានបញ្ជូនជំនួយយោធាទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់ហ្កាហ្សា។
លោក និយាយថា អ្នកទាំងឡាយផ្គត់ផ្គង់អាវុធ ដែលបានសម្លាប់កុមារ មិនអាចបង្រៀនពលរដ្ឋមូស្លីមអំពីមនុស្សជាតិបានទេ។
តំណាងជាន់ខ្ពស់មកពីក្រុមហាម៉ាស និងក្រុមហេសបូឡានៅប្រទេសលីបង់ និងក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានចូលរួមពិធីស្បត់ចូលកាន់តំណែងនេះ។
លោក Pezeshkian បាននិយាយថា អាទិភាពរបស់លោក គឺការធ្វើឲ្យប្រសើរ និងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង៕