(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ សីហា ២០២៤ រដ្ឋមន្ត្រីក្រសួងការពារជាតិបាន បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកទាំង២រូប ឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ព ជើងអាកាស និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលី ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ ពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទី បំផុតជាមួយក្រុមគ្រួសារអាកាសយានិកចំនួន ២រូប ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន អាកាសយានិកដ៏ឆ្នើម ។
ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអាកាសយានិកចំនួន២រូប សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ៕