ប្រធានាធិបតី បង់ក្លាដែស លោក Mohammed Shahabuddin កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់ Khaleda Zia ។
ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Sheikh Hasina ត្រូវបានបណ្តេញចេញពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស…!។
អ្នកនាំពាក្យគណបក្ស Bangladesh National Party ឬ BNP របស់លោកស្រី Zia បានឱ្យដឹងថា នាពេលនេះ លោកស្រី ត្រូវបានដោះលែងហើយ!។
ប្រធានាធិបតីបង់ក្លាដែស បានបង្គាប់ឱ្យដោះលែងលោកស្រី Khaleda Zia ។
ខណៈយោធាកំពុងគ្រប់គ្រងប្រទេស ក្រោយការរត់ភៀសខ្លួន របស់លោកស្រី Hasina កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
ក្នុងថ្ងៃដដែលនោះ អគ្គមេបញ្ជាការកងទ័ពជើងគោក លោក Waker-Uz-Zaman បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន មួយ នឹងត្រូវបង្កើតឡើង។
លោកស្រី Khaleda Zia ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស បានចំនួន២លើក ។
គឺលើកទី១ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ និងម្តងទៀតពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោកស្រី មានសុខភាពមិនល្អប៉ុន្មានឡើយ ។
ហើយបានជាប់ឃុំក្នុងផ្ទះនិងមន្ទីរពេទ្យ ចាប់តាំងពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១៧ឆ្នាំ ពីបទចោទប្រកាន់ពុករលួយ កាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា មនុស្សសរុបជាង២,០០០នាក់ ត្រូវបានចាប់ខ្លួន និងប្រហែល៤០០នាក់បានស្លាប់ គិតចាប់តាំងពីដើម ខែកក្កដាកន្លងទៅ អំឡុងបាតុកម្មនិងអំពើហិង្សា ។
ដែលដំបូងឡើយ មានគោលដៅប្រឆាំងតវ៉ាងចំពោះ ប្រព័ន្ធកូតាសម្រាប់ការងាររដ្ឋាភិបាល ហើយក្រោយមកក៏ប្រែក្លាយជា ចលនាទាមទារទូទាំងប្រទេស ឱ្យលោកស្រី Hasina ចុះចេញពីអំណាច…!។
លោកស្រី Hasina បានកាន់តំណែងនាយករដ្ឋមន្រ្តី ជាប់រហូតមកតាំងពីឆ្នាំ២០០៩។
កាលពីថ្ងៃចន្ទ លោកស្រីបានលាលែងពីតំណែង និងភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា៕