នៅថ្ងៃទី៧ខែកញ្ញា បន្ទាប់ពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រ ឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃទី៣២ លោក Anutin Charnvirakul ប្រធានគណបក្ស Bhumjaithai បានចេញសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស ដោយផ្ដោតលើការប្តេជ្ញាចិត្តក្នុងការដោះស្រាយវិបត្តិនានាដែលប្រទេសកំពុងប្រឈម។
ប្រភពពីសារព័ត៌មានKhaosod។
ក្នុងសារដ៏ផ្លូវការនេះ លោក អនុទីន បានបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលថ្មីមានអាយុកាលកំណត់ ដោយសារកិច្ចព្រមព្រៀងនៃសម្ព័ន្ធក៏ដោយ ក៏រដ្ឋាភិបាលត្រូវតែប្រើប្រាស់ឱកាសដ៏មានតម្លៃនេះដើម្បីបម្រើប្រជាជន។ “ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាល ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជន និងដឹកនាំប្រទេសឱ្យរួចផុតពីវិបត្តិបច្ចុប្បន្ន” លោកអនុទីនបាននិយាយ។
នាយករដ្ឋមន្ត្រីថ្មីបានលើកឡើងពី ៤ ចំណុចសំខាន់ ដែលរដ្ឋាភិបាលនឹងផ្តោតអាទិភាព៖
1. សេដ្ឋកិច្ច – កាត់បន្ថយថ្លៃឈ្នួលរស់នៅ តាមរយៈការកាត់បន្ថយថ្លៃថាមពល និងថ្លៃដឹកជញ្ជូន ព្រមទាំងជួយកាត់បន្ថយបំណុលគ្រួសាររបស់កសិករ និងអ្នកមានប្រាក់ចំណូលទាប។
2. សន្តិសុខជាតិ – ដោះស្រាយជម្លោះកម្ពុជា–ថៃតាមវិធានសន្តិវិធី ដោយការពារអធិបតេយ្យភាព និងផ្តល់ជំនួយភ្លាមៗដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
3. គ្រោះធម្មជាតិ – បង្កើតប្រព័ន្ធព្រមាន និងការស្តារនីតិសម្បទាដែលមានប្រសិទ្ធភាព និងយុត្តិធម៌។
4. ការគំរាមកំហែងសង្គម – ប្រឆាំងជាដាច់ខាតនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការល្បែងស៊ីសង និងអំពើបោកប្រាស់។
លោកអនុទីនក៏ទទួលស្គាល់ថា រដ្ឋាភិបាលភាគតិចអាចនឹងប្រឈមឧបសគ្គក្នុងសភា ប៉ុន្តែបានអំពាវនាវឲ្យសមាជិកសភាទាំងអស់មានការសហការយ៉ាងស្ថិតស្ថេរ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋាភិបាលបានប្តេជ្ញាថា នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានច្បាប់ថ្មីតាមការសម្រេចរបស់តុលាការធម្មនុញ្ញ។ ក្នុងដំណើរការនោះ សភាតំណាងរាស្រ្តនឹងត្រូវរំលាយ និងធ្វើការបោះឆ្នោតទូទៅឡើងវិញ។
“ខ្ញុំនឹងមិនបណ្តោយឱ្យឱកាសដែលប្រជាជនបានប្រគល់ឲ្យខ្ញុំ ត្រូវខ្ជះខ្ជាយឡើយ។
ខ្ញុំនឹងធ្វើការអស់ពីចិត្ត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគោរពកិច្ចព្រមព្រៀងសម្ព័ន្ធដល់ចុងក្រោយ” នាយករដ្ឋមន្ត្រីថ្មីបានសន្យា៕