នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី 7 កញ្ញា 2025 បន្ទាប់ពីគណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលគាត់ដឹកនាំ បានបរាជ័យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីខែកក្កដា។
ប្រភពពីសារព័ត៌មានAnadolu។
ក្នុងសន្និសីទសារព័ត៌មាន លោក Ishiba បានទទួលស្គាល់ការបរាជ័យក្នុងការបំពេញតាមការរំពឹងទុករបស់ប្រជាពលរដ្ឋ និងសមាជិកបក្ស ដោយលើកឡើងថា ការលាលែងរបស់គាត់មានគោលបំណង “ជៀសវាងការបែកបាក់នៅក្នុង LDP”។ គាត់ក៏បានបញ្ជាក់ថា នឹងមិនចូលរួមប្រកួតប្រជែងជាប្រធានបក្សក្នុងពេលខាងមុខទៀតឡើយ។
ការចុះចេញពីតំណែងនេះកើតឡើងក្នុងស្ថានភាពដែល LDP និងដៃគូសម្ព័ន្ធ Komeito បានបាត់បង់សំឡេងភាគច្រើនទាំងនៅសភាជាន់ទាប និងសភាជាន់ខ្ពស់ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំបន្ទាប់ពីលោក Ishiba ក្លាយជានាយករដ្ឋមន្ត្រី។ ការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃទី 20 កក្កដា គឺជាចំណុចដែលបង្កើនសម្ពាធយ៉ាងខ្លាំងលើការដឹកនាំរបស់គាត់។
លោក Ishiba បានក្លាយជានាយករដ្ឋមន្ត្រីនៅខែតុលា 2024 បន្ទាប់ពីការលាលែងរបស់ Fumio Kishida ដោយសន្យាដោះស្រាយបញ្ហាអតិផរណា និងធ្វើកំណែទម្រង់នយោបាយ។ ទោះយ៉ាងណា រដ្ឋាភិបាលរបស់គាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការបរាជ័យក្នុងការរក្សាការគាំទ្រពីប្រជាពលរដ្ឋ និងភាពបរាជ័យជាប់ជានិច្ចក្នុងការបោះឆ្នោត។
ក្រៅពីបញ្ហាផ្ទៃក្នុង LDP លោក Ishiba ក៏បានបញ្ជាក់ថា កិច្ចព្រមព្រៀងពន្ធជាមួយសហរដ្ឋអាមេរិក ដែលដាក់ពន្ធ 15% លើការនាំចូលរបស់ជប៉ុន ក៏ជាហេតុផលមួយដ៏សំខាន់ដែលបង្កើតសម្ពាធដល់រដ្ឋាភិបាលរបស់គាត់ផងដែរ។
បើទោះបីជាប្រកាសលាលែងក៏ដោយ លោក Ishiba នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជាបណ្តោះអាសន្ន រហូតដល់ការបោះឆ្នោតជ្រើសរើសប្រធាន LDP ថ្មី ដែលត្រូវបានកំណត់ប្រាកដនៅខែក្រោយ។ នៅក្នុងប្រព័ន្ធនយោបាយជប៉ុន ប្រធាន LDP តែងតែទទួលតំណែងជានាយករដ្ឋមន្ត្រីផងដែរ។
ជាមួយនឹងការចុះចេញរបស់លោក Ishiba ជាបន្តបន្ទាប់ពី Suga និង Kishida នេះ បានធ្វើឱ្យជប៉ុនមាន នាយករដ្ឋមន្ត្រីបីរូបជាប់គ្នា ដែលមិនអាចកាន់អំណាចបានលើសពីពីរឆ្នាំ ក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំចុងក្រោយ៕