អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានអះអាងថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយ ក្នុងការបណ្តេញលោកស្រីចេញពីតំណែង។
ខណៈដែលលោកស្រី បដិសេធមិនប្រគល់កោះ Saint Martin ដែលនឹងផ្តល់ឥទ្ធិពល ដល់ទីក្រុងវ៉ាស៊ីនតោន លើឈូងសមុទ្រ Bengal ។
-នេះបើយោងតាមកាសែត The Economic Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យ(ទី១១.ខែសីហា)។
របាយការណ៍បានបន្ថែមថា “លោកស្រី បានជ្រើសរើសមិនសម្របសម្រួល លើអធិបតេយ្យភាពរបស់កោះនេះ ។
ដោយបញ្ជាក់ពីសារៈសំខាន់ ជាយុទ្ធសាស្ត្ររបស់កោះ និងឥទ្ធិពលភូមិសាស្ត្រនយោបាយ ដ៏មានសក្តានុពល ដែលវាតំណាងឱ្យនៅក្នុងតំបន់។
គួររំលឹកថា ភ្លាមៗបន្ទាប់ពីនាងបានភៀសខ្លួនកាលពីថ្ងៃទី៥ ខែសីហា មេទ័ពបង់ក្លាដែស ។
គឺឧត្តមសេនីយ៍ Waker-uz-Zaman បាននិយាយថា Hasina បានលាលែងពីតំណែង នឹងក៏បានប្រកាស បង្កើតរដ្ឋាភិបាលអន្តរកាលផងដែរ។
មួយថ្ងៃក្រោយមក ប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin បានរំលាយសភា ដែលត្រូវបានបោះឆ្នោតជ្រើសរើសកាលពីខែមករា នៅពេលដែល លោកស្រី Hasina ក្លាយជានាយករដ្ឋមន្ត្រីជាលើកទីបួន។
បន្ទាប់មក ម្ចាស់ជ័យលាភីណូបែលលោក Muhammad Yunus បានស្បថចូលកាន់តំណែងជា ទីប្រឹក្សា កាលពីថ្ងៃទី៨ ខែសីហា ដើម្បីដឹកនាំរដ្ឋបាលអន្តរកាលដែលមានសមាជិក១៧ នៅក្នុងប្រទេសបង់ក្លាដែស។
យ៉ាងណាមិញ គណបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងដ៏សំខាន់បានទាមទារឱ្យមានការបោះឆ្នោតជាតិក្នុងរយៈពេលបីខែ ដើម្បីប្រគល់អំណាចទៅឱ្យតំណាងប្រជាជន។
គួរជម្រាបថា កោះ Saint Martin ឬត្រូវបានគេស្គាល់ថា “កោះដូង” ដែលជាដីតូចមួយដែលគ្របដណ្តប់ត្រឹមតែ៣ គីឡូម៉ែត្រការ៉េ មានទីតាំងនៅភាគឦសាននៃឈូងសមុទ្រ Bengal ប្រហែល 9 គីឡូម៉ែត្រ (ប្រហែល 5.59 ម៉ាយ) ភាគខាងត្បូងនៃចុង Cox’s ឧបទ្វីប Bazar-Teknaf ខាងត្បូងបំផុតនៃប្រទេសបង់ក្លាដែស៕