ក្រឡាប់ទូកក្នុងទន្លេ នៅប្រទេសនីហ្សេរីយ៉ា បាត់ខ្លួនចំនួន៦៤នាក់!

មន្ត្រីក្នុងតំបន់ បាននិយាយថា មនុស្សចំនួន៦៤នាក់ បានបាត់ខ្លួន បន្ទាប់ពីក្រឡាប់ទូកនៅទន្លេ ក្នុងរដ្ឋ Zamfara ភាគពាយព្យ នៃប្រទេសនីហ្សេរីយ៉ា។

ទូកឈើ ដឹកកសិករ៧០នាក់ បានក្រឡាប់ ខណៈកំពុងដឹកពួកគេឆ្លងកាត់ទន្លេ ដើម្បីបានទៅដល់ដីស្រែចម្ការ របស់ពួកគេនៅជិតក្រុង Gummi។

អាជ្ញាធរតំបន់ បានចេញធ្វើប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ហើយបន្ទាប់ពីរយៈពេលបីម៉ោង អ្នកនៅរស់រានមានជីវិតចំនួន៦នាក់ ត្រូវបានសង្គ្រោះចេញពីទឹក។

អ្នកគ្រប់គ្រងក្នុងតំបន់ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បាននិយាយថា នេះគឺជាលើកទីពីរហើយដែលឧបទ្ទវហេតុបែបនេះ បានកើតឡើងនៅក្នុងតំបន់រដ្ឋាភិបាលនៃតំបន់ Gummi។

អាជ្ញាធរនិយាយថា ក្រុមសង្គ្រោះបន្ទាន់ បង្កើនការស្វែងរកក្នុងក្តីសង្ឃឹមថានឹងរកឃើញអ្នកនៅរស់បន្ថែមទៀត។

អ្នកគ្រប់គ្រងតំបន់និយាយថា កសិករជាង៩០០នាក់ ពឹងផ្អែកលើការឆ្លងទន្លេជារៀងរាល់ថ្ងៃដើម្បីទៅដល់ដីស្រែចម្ការរបស់ពួកគេ។
ប៉ុន្តែមានតែទូកពីរគ្រឿងប៉ុណ្ណោះ ដែលអាចចម្លងបាន ដែលជារឿយៗដាក់មនុស្សលើសទម្ងន់។

រដ្ឋ Zamfara ត្រូវបានញាំញីដោយក្រុមឧក្រិដ្ឋជន ដែលស្វែងរកការគ្រប់គ្រងធនធានរ៉ែ ហើយក៏ត្រូវបានរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដោយទឹកជំនន់៕

Leave a Reply

Your email address will not be published. Required fields are marked *