(ព្រះសីហនុ)៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
បានជម្រាបជូនសាធារណជនថា៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។
បានបើកសវនាការ ជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៤៥៥ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទល្មើស ដឹកជញ្ជូន ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ទៅតាមនីតិវិធី ច្បាប់ និងបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៣០៤/១៩ ក្រ១“ដ” ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានសម្រេចសេចក្តីដូចតទៅ៖
ផ្តន្ទាទោសលើជនជាប់ចោទ៖១.ឈ្មោះ CHUNG DUONE ភេទប្រុស កើតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៨០ ជនជាតិវៀតណាម ដាក់ ពន្ធនាគារកំណត់ ២០ (ម្ភៃ)ឆ្នាំ និងទោសពិន័យជាប្រាក់ចំនួន ៤០,០០០,០០០ (សែសិបលាន) រៀល។
២.ឈ្មោះ LO TUAN HANH ភេទប្រុស កើតថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៦០ ជនជាតិវៀតណាម ដាក់ពន្ធនាគារកំណត់ ៣០ (សាមសិប) ឆ្នាំ និងទោសពិន័យជាប្រាក់ចំនួន ៦០,០០០,០០០ (ហុកសិប លាន) រៀល។
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៤០ កថាខណ្ឌទី៧ ចំណុចទី៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ដោយឡែកចំពោះជនជាប់ចោទដែលបានគេចខ្លួន ត្រូវបានតុលាការ ផ្តន្ទាទោស និងចេញដីកា បង្គាប់ឲ្យចាប់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ចំពោះជនជាប់ចោទខាងលើ ត្រូវបានហាមឃាត់ ក្នុងការស្នាក់នៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ។
រីឯ គ្រឿងញៀន ចំនួន៦០ដុំ ទម្ងន់២១គីឡូក្រាម ត្រូវបានរឹបអូសបំផ្លាញចោល៕