កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ ចំពោះមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសារព្យុះទីហ្វុង!

(ភ្នំពេញ)៖ កាលពីថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខជូនចំពោះ លោកសាស្រ្តាចារ្យបណ្ឌិត Myo NYUNT ប្រធានកាកបាទក្រហមមីយ៉ាន់ម៉ា ។

ដែលបានរងគ្រោះខ្យល់ព្យុះ ទីហ្វុង Yagi បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅជុំវិញរដ្ឋធានីណៃពិដោ ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានផលប៉ះពាល់ដល់ប្រជាជនប្រហែល ៦៣១.០០០នាក់ មានមនុស្សស្លាប់ ២២៦នាក់ និងអ្នកបាត់ខ្លួន ៧៧នាក់។
ខ្លឹមសាររបស់ម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន”លោកសាស្រ្តាចារ្យបណ្ឌិត Myo NYUNT ប្រធានកាកបាទក្រហមមីយ៉ាន់ម៉ា ជាទីគោរព!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំក្រៃលែង ដែលបានទទួលដំណឹង អំពីទឹកជំនន់ធ្ងន់​ធ្ងរ នៅជុំវិញរដ្ឋធានីណៃពិដោ ដែលបណ្តាលមកពីខ្យល់ព្យុះកំណាចទីហ្វុង Yagi និងខ្យល់មូសុង ដែលធ្វើឱ្យប៉ះពាល់ មនុស្សប្រហែល ៦៣១.០០០នាក់ មានមនុស្សស្លាប់ ២២៦នាក់ និងអ្នកបាត់ខ្លួន ៧៧​នាក់”។

នៅក្នុងវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែក សមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ាទាំង​មូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តថា៖ ខ្ញុំសូមបួងសួងឱ្យឆាប់ស្តារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហម​មីយ៉ាន់​ម៉ា សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជន​មីយ៉ាន់​ម៉ា​ ទាំងអស់ មានសុខភាពល្អ។
សូមលោកសាស្រ្តាចារ្យ​បណ្ឌិត មេត្តាទទួល​យក​នូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ៕

Leave a Reply

Your email address will not be published. Required fields are marked *