សន្តិសុខលីបង់ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារដ៏ខ្លាំងបំផុត កាលពីយប់ថ្ងៃព្រហស្បតិ៍(ទី១៩ ខែកញ្ញា)ទៅលើប្រទេសលីបង់ នៃភាគខាងត្បូង ស្របពេលដែល មានការអំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ថយភាពតានតឹង..!។
សេតវិមាន បាននិយាយថា ដំណោះស្រាយការទូត គឺអាចសម្រេចបាន និងជាបន្ទាន់ ហើយអង់គ្លេស ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
អ្នកនាំពាក្យ សេតវិមាន បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក មានការភ័យខ្លាច និងព្រួយបារម្ភ អំពីការរីកធំនៃជម្លោះក្នុងតំបន់នោះ។
ការវាយប្រហារយ៉ាងសន្ធាប់នេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារកាលពីដើមសប្តាហ៍នេះ ។
ដោយ ការបំផ្ទុះវិទ្យុទាក់ទង ឬអាយកូម និងឧបករណ៍បញ្ជូនសញ្ញាអគ្គិសនីសម្លាប់មនុស្ស៣៧នាក់ និងប្រហែល ៣.០០០ នាក់របួសនៅលីបង់ ដែលចង្អុលចំមុខទៅលើអ៊ីស្រាអែលតែម្ដង..។
ប្រភពសន្តិសុខលីបង់ ចំនួនបីបាននិយាយថា នៅក្នុងប្រតិបត្តិការកាលពីក្បាលប្រលប់ថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានបាញ់ទម្លាក់គ្រាប់បែករាប់សិបគ្រាប់នៅទូទាំងភាគខាងត្បូងប្រទេសលីបង់!។
ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។
ស្ថានីយ៍វិទ្យុអ៊ីស្រាអែល បានរាយការណ៍ថា យន្តហោះចម្បាំងរាប់សិបគ្រឿង បានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត BM ប្រហែល១០០គ្រឿង ៕