លោក ចាង សៀវកាង អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃសុក្រ (ទី២០ខែកញ្ញា)ថា ការលក់សព្វាវុធរបស់អាមេរិក ទៅឱ្យកោះតៃវ៉ាន់ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ។
លោក Zhang និយាយថា ចិនបានបញ្ជូនសារមិនពេញចិត្ត តាមការទូតទៅកាន់ភាគីអាមេរិកជុំវិញបញ្ហានេះ។
ប្រទេសចិន កាលពីថ្ងៃពុធ បានប្រកាសជំហានប្រឆាំង នឹងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងយោធាអាមេរិកចំនួន៩ ជុំវិញការលក់អាវុធរបស់អាមេរិក ទៅឱ្យតៃវ៉ាន់។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា បានអនុម័តលទ្ធភាពនៃការលក់យុទ្ធោបករណ៍យោធាបរទេសទៅឱ្យកោះតៃវ៉ាន់ នូវគ្រឿងបន្លាស់ដែលមានតម្លៃប្រហែល ២២៨លានដុល្លារ។
ដែលយោធារបស់កោះតៃវ៉ាន់ និយាយថានឹងជួយរក្សាការត្រៀមខ្លួនប្រយុទ្ធក្នុងការប្រឈមមុខនឹងចិន។
អាមេរិក គឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះបីជាខ្លួនមិនមានទំនាក់ទំនងផ្លូវការជាមួយកោះនេះក៏ដោយ។
ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ក្នុងពេលប្រាំឆ្នាំចុងក្រោយនេះ៕