(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី បាននាំយកអំណោយឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោកបណ្ឌិត អាំង សិរីពិសិដ្ឋ និងក្រុមការងារ ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន កុំព្យូទ័រ Desktop ចំនួន ៥គ្រឿង, សៀវភៅសរសេរ និងសម្ភារសិក្សា ចំនួន ២៥០កញ្ចប់, សៀវភៅពុម្ភរក្សាទុកក្នុងបណ្ណាល័យ ចំនួន ៥៥៥ចំណងជើង, ទ្រនាប់ជើងកីឡា ចំនួន ៤០គូ, បាល់ទះ ចំនួន ៥គ្រាប់, អង្ករ ចំនួន ២តោន ទឹកត្រី ចំនួន ១០០ យួរ, ទឹកស៊ីអ៉ីវចំនួន ១០០យួរ, ទឹកបរិសុទ្ធ ចំនួន ១០០យួរ និងមីជាតិ ចំនួន ១០០កេស។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ នាឱកាសនោះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ជូនក្មួយៗកុមាកំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ទោះបីក្មួយៗមិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែក្មួយៗនៅមានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបំរុង ថែរក្សា តាមដាន សួរនាំជាប្រចាំ ដោយទទួលបានការគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល និងការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ។
ពិសេសឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ថា ក្មួយៗនៅទីនេះ នឹងមានអនាគតដ៏ត្រចះត្រចង់នាពេលអនាគត។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់អំណោយនោះ ក៏មានការអញ្ជើចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ មន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា និងកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ផងដែរ៕