Update៖ ករណីបាក់ដីក្នុងអណ្តូងរ៉ែខុសច្បាប់នៅឥណ្ឌូនេស៊ី ស្លាប់១៥នាក់ និងកប់មនុស្សជាច្រើននាក់!

ការរអិលបាក់ដី នៅឯអណ្តូងរ៉ែមាសខុសច្បាប់១កន្លែង នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងតិច១៥នាក់ និងកប់មនុស្សរាប់សិបនាក់ទៀត នៅក្នុងរណ្តៅ ដែលគេបោះបង់ចោល ។

ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរក អ្នកបាត់ខ្លួន…!។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត Ilham Wahab បានប្រាប់ AFP ថា ការរអិលបាក់ដីបានវាយប្រហារតំបន់ដាច់ស្រយាលមួយក្នុងខេត្ត West Sumatra នៅលើកោះ Sumatra កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះ។

គួរជម្រាបថា អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណ គឺជារឿងធម្មតានៅប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះដែលសម្បូរទៅដោយសារធាតុរ៉ែ នៅកន្លែងដែលត្រូវបានគេបោះបង់ចោល បានទាក់ទាញអ្នកស្រុកដែលស្វែងរករ៉ែមាសដែលនៅសល់ ទៅធ្វើការជីកកកាយដោយគ្មានឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។

ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញអ្នកស្លាប់ ១៥នាក់ និងអ្នករងរបួស ៣នាក់ ។
ខណៈដែលកំពុងបន្តស្វែងរកមនុស្ស ២៥នាក់បន្ថែមទៀត។ សកម្មភាពទាំងអស់នៅទីតាំងត្រូវបានផ្អាក ដើម្បីធានាសុវត្ថិភាពក្នុងការស្វែងរក។

យ៉ាងណាមិញ អាជ្ញាធរបានបញ្ជាក់ថា ការបាក់ដីបានកើតឡើងនៅអណ្តូងរ៉ែ ខុសច្បាប់ ដែលគេបោះបង់ចោល ដែលធ្លាប់ប្រើប្រាស់ដោយអ្នករុករករ៉ែពីមុន៕

Leave a Reply

Your email address will not be published. Required fields are marked *