(ភ្នំពេញ)៖ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យនិងហាមឃាត់ហាងម៉ាស្សាជនជាតិចិនមួយកន្លែងដែលបង្កប់សេវាកម្មផ្លូវភេទ ដោយឃាត់មនុស្សប្រុសស្រីចំនួន១៣នាក់ យកទៅសាកសួរ។
ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដោយបានប្រាប់ថា ទីតាំងម៉ាស្សាយីហោ ឡុងជីតាវ មានបង្កប់នូវសេវាបម្រើផ្លូវភេទ។
ក្រោយមកកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំ ដោយលោកអភិបាលរងខណ្ឌនិងអធិការរងទទួលបន្ទុក មានគ្រប់ជំនាញ បានចុះនៅទីតាំងខាងលើ ដោយមានជនជាតិចិនជាថៅកែប្រុសម្នាក់និងភ្ញៀវប្រុសម្នាក់រួមនឹងនារីៗជាបុគ្គលិកចំនួន១១នាក់។ ក្នុងនោះភាគច្រើនជាជនជាតិចិន ដោយសរុបទាំងអស់ទាំងស្រីទាំងប្រុសមានចំនួន១៣នាក់ និងវត្ថុតាងដកហូតរួមមានទូរស័ព្ទ១២គ្រឿង ស្រោមអនាម័យចំនួន២ប្រអប់ធំ និងដែកកេះបុកចំនួន២ដេម។
បច្ចុប្បន្នជនជាតិចិននិងជនជាតិផ្សេងទៀតត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅសាកសួរដេីម្បីបន្តនីតិវិធី៕