Update៖ ក្រុមហេសបូឡា សម្រេចតែងតាំងលោក Naim Qassem ជាមេដឹកនាំថ្មី!

នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ ក្រុមចលនាប្រដាប់អាវុធលីបង់ ហេសបូឡា ប្រកាសឱ្យដឹងថា ខ្លួនបានជ្រើសរើស មេដឹកនាំរង លោក Naim Qassem ឱ្យឡើងធ្វើជាមេដឹកនាំកំពូលថ្មី បន្ទាប់ពីមេដឹកនាំមុនគឺលោក Hassan Nasrallah ត្រូវបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងរដ្ឋធានីបេរូតនៃប្រទេសលីបង់ កាលពី ១ខែមុន។ នេះបើតាមសារព័ត៌មាន Reuters។

ក្រុមហេសបូឡា បាននិយាយថា ក្រុមប្រឹក្សា Shura របស់ខ្លួន សម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយសមស្របទៅតាមយន្តការ ដែលត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក Abbas al-Musawi ដែលបានស្លាប់ក្នុងការវាយប្រហារបស់អ៉ីស្រាអែល នៅឆ្នាំ១៩៩២។

លោក Qassem បន្តកាន់តំណែងជាអគ្គលេខាធិការរងដដែល នៅពេលលោក Nasrallah បានក្លាយជាមេដឹកនាំថ្មី ហើយរូបលោក បានដើរតួជា អ្នកនាំពាក្យឈានមុខគេមួយរូប របស់ក្រុមហេសបូឡា អស់រយៈពេលជាយូរមកហើយ ដោយបានធ្វើបទសម្ភាសជាមួយបណ្តាញ សារព័ត៌មាននានា។ ចាប់តាំងពីលោក Nasrallah ត្រូវបានអ៊ីស្រាអែលសម្លាប់ លោក Qassem ធ្លាប់បានចេញមុខថ្លែងការយ៍តាមកញ្ចក់ទូរទស្សន៍៣លើក ក្នុងនោះរួមមានកាលពីថ្ងៃទី៨ ខែតុលា ដែលលោកបាននិយាយថា ហេសបូឡាគាំទ្រចំពោះ កិច្ចប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់នៅលីបង់ ជាមួយអ៉ីស្រាអែល។

គួររំលឹកថា លោក Hassan Nasrallah ត្រូវបានស្លាប់កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ទៀត របស់ក្រុមហេសបូឡា គឺលោក Hashem Safieddine ត្រូវជាបងប្អូនជីដូនមួយរបស់លោក Nasrallah ត្រូវបានចាត់ទុកថា ជាបេក្ខជននាំមុខគេ ដើម្បីស្នងតំណែងជាមេដឹកនាំថ្មី ប៉ុន្តែក៏ត្រូវបានស្លាប់ដូចគ្នាផងដែរ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *