Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសចិន បានកើនដល់ ១១១នាក់ហើយ!

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១៩ខែធ្នូថា មនុស្សយ៉ាងតិច១១១នាក់ ត្រូវបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ នៅខេត្ត Gansu ភាគពាយព្យរបស់ប្រទេសចិន។

គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារនៅថ្ងៃចន្ទវេលាម៉ោង១១:៥៩នាទីយប់ (ម៉ោងក្នុងស្រុក) ហើយក្រោយមក ក្រុមមន្ត្រីបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ និងបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់តំបន់នោះ។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS), គ្រោះរញ្ជួយដីនេះ កើតឡើងនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Lanzhou នៃខេត្ត Gansu។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua, មនុស្ស ៩៦នាក់ផ្សេងទៀតក៏ត្រូវរបួសផងដែរក្នុងខេត្តនេះ។ ដោយឡែក មនុស្ស​៩​នាក់ ​ក៏​ស្លាប់​និង​១២៤​នាក់​ទៀត​រង​របួស​ផងដែរ ​ក្នុង​ទីក្រុង Haidong នៃ​ខេត្ត Qinghai ដែល​ស្ថិតនៅ​ជិត​ខាង។

គ្រោះរញ្ជួយដីនេះបានបណ្តាលឲ្យខូចខាតយ៉ាងដំណុំ ធ្វើឲ្យផ្ទះដួលរលំ ហើយមនុស្សម្នានាំគ្នារត់រកកន្លែងសុវត្ថិភាព ខណៈការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ក៏ត្រូវបានកាត់ផ្តាច់នៅក្នុងភូមិនៅតំបន់មួយចំនួនផងដែរ។

សូមបញ្ជាក់ថា ការរញ្ជួយដី មិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសចិន កាលពីខែសីហា គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារ ភាគខាងកើតប្រទេសនេះ ដោយបណ្តាល ឲ្យមនុស្ស២៣នាក់រងរបួស និងបាក់អគាររាប់សិបខ្នង៕

Leave a Reply

Your email address will not be published. Required fields are marked *