ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១៩ខែធ្នូថា មនុស្សយ៉ាងតិច១១១នាក់ ត្រូវបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ នៅខេត្ត Gansu ភាគពាយព្យរបស់ប្រទេសចិន។
គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារនៅថ្ងៃចន្ទវេលាម៉ោង១១:៥៩នាទីយប់ (ម៉ោងក្នុងស្រុក) ហើយក្រោយមក ក្រុមមន្ត្រីបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ និងបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់តំបន់នោះ។
យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS), គ្រោះរញ្ជួយដីនេះ កើតឡើងនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Lanzhou នៃខេត្ត Gansu។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua, មនុស្ស ៩៦នាក់ផ្សេងទៀតក៏ត្រូវរបួសផងដែរក្នុងខេត្តនេះ។ ដោយឡែក មនុស្ស៩នាក់ ក៏ស្លាប់និង១២៤នាក់ទៀតរងរបួសផងដែរ ក្នុងទីក្រុង Haidong នៃខេត្ត Qinghai ដែលស្ថិតនៅជិតខាង។
គ្រោះរញ្ជួយដីនេះបានបណ្តាលឲ្យខូចខាតយ៉ាងដំណុំ ធ្វើឲ្យផ្ទះដួលរលំ ហើយមនុស្សម្នានាំគ្នារត់រកកន្លែងសុវត្ថិភាព ខណៈការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ក៏ត្រូវបានកាត់ផ្តាច់នៅក្នុងភូមិនៅតំបន់មួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការរញ្ជួយដី មិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសចិន កាលពីខែសីហា គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារ ភាគខាងកើតប្រទេសនេះ ដោយបណ្តាល ឲ្យមនុស្ស២៣នាក់រងរបួស និងបាក់អគាររាប់សិបខ្នង៕