Update៖ ឃាត់ខ្លួន​លោកផ្កាយ២ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ពីបទ រំលោភលើទំនុកចិត្ត!

(បាត់ដំបង)៖ កម្លាំងនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៣។
ចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ។
ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ​ ពីបទ រំលោភលើទំនុកចិត្ត​ ។
ខណៈ​លោកផ្កាយ២​រូបនេះ បានធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត។

របាយការណ៍​សមត្ថកិច្ច​បានឱ្យដឹងថា​ លោក ប៉ិ វ៉ាន់ ហៅ គ្រូឡុង មានឋានន្តរស័ក្ដិឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរបាលជាតិភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទូលម្កាក់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។

ប្រភពដដែលបន្តថា​ លោកផ្កាយ២ដែលសំបូររឿងអាស្រូវរូបនេះ ជាពិសេស សំណុំរឿងដីធ្លី នៅស្រុកសំឡូត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ចុះស្រាវជ្រាវ​និងឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនលេខ៧ ដកឧ/២៣ ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ។
ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ លោក សួស សំអាត។

បេីយោង​តាមប្រភពព័ត៍មានពី​សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថានៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៣នេះ ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាលត្រូវបានចាប់ខ្លួនពីបទ«រំលោភលើទំនុកចិត្ត» ។
ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើស​ព្រហ្មទណ្ឌ​ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១, ៣៩២នៃក្រម​ព្រហ្មទណ្ឌ​។

បច្ចុប្បន្ន ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់​ ត្រូវបានសមត្ថកិច្ចជំនាញ​ នៃក្រសួង​មហាផ្ទៃ​ បញ្ជូនខ្លួន​ទៅឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅពន្ធនាគារព្រៃស៕

Leave a Reply

Your email address will not be published. Required fields are marked *