(បាត់ដំបង)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
ចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ។
ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត ។
ខណៈលោកផ្កាយ២រូបនេះ បានធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត។
របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា លោក ប៉ិ វ៉ាន់ ហៅ គ្រូឡុង មានឋានន្តរស័ក្ដិឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរបាលជាតិភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទូលម្កាក់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។
ប្រភពដដែលបន្តថា លោកផ្កាយ២ដែលសំបូររឿងអាស្រូវរូបនេះ ជាពិសេស សំណុំរឿងដីធ្លី នៅស្រុកសំឡូត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវនិងឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនលេខ៧ ដកឧ/២៣ ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ។
ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ លោក សួស សំអាត។
បេីយោងតាមប្រភពព័ត៍មានពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថានៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាលត្រូវបានចាប់ខ្លួនពីបទ«រំលោភលើទំនុកចិត្ត» ។
ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១, ៣៩២នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ត្រូវបានសមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស៕