Update៖ ករណីដឹកគ្រាប់មីន ប្រគល់ឱ្យប៉ូលិស តំណាងអយ្យការ បានចោទប្រកាន់ពីបទ បោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល!

(ឧត្ដរមានជ័យ)៖ តំណាងអយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យ បានសម្រេចចោទប្រកាន់ លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់គេហទំព័រ”មាតុភូមិ”ប្រចាំខេត្តឧត្តរមានជ័យ និងឈ្មោះ ពែង ពុយ ភេទប្រុស អាយុ៤៤ឆ្នាំ(មុខរបរ អ្នកបកប្រែភាសាថៃ)។

ពីបទ៖ បោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិ ផ្តន្ទាទោសតាមមាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ០២២ ដសបស ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការ បន្តតាមនីតិវិធី។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨.០២.២០២៥។

-ជុំវិញការឃាត់ខ្លួន និងចោទប្រកាន់នេះដែរ បានធ្វើឱ្យមហាជន ពិសេសបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស សម្ដែងការសោកស្ដាយ និងអាណិតអាសូរ.ជាពន់ពេក ទៅលើលោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ។

ព្រោះថា លោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ ខំមានបំណងល្អ ដោយដឹកគ្រាប់មីនតោនចំនួន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកមកប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ដើម្បីរក្សាទុកប៉ុណ្ណោះ គឺគ្មានបំណងអាក្រក់អ្វីឡើយ..!។

ប៉ុន្តែផ្ទុយទៅវិញពេលពួកគាត់ កំពុងប្រគល់ជូនសមត្ថកិច្ច ដោយបើកជំហរ. បែរជាត្រូវឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមច្បាប់..!។

ខណៈអ្នកនាំពាក្យស្នងការខេត្តឧត្តរមានជ័យ ចាត់ទុកថា នេះជាទង្វើ
លួចគ្រាប់មីន ពីតំបន់ស.ព្រំដែនកម្ពុជា.ថៃ និងដឹកជញ្ជូនគ្រាប់មីន ដោយគ្មានការអនុញ្ញាត..!។

ក្នុងរឿងនេះ បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស បានសម្ដែងការតក់ស្លុត
និងរន្ធត់ចិត្តជាខ្លាំង!។
ទៅលើលោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ ដែលមានបំណងល្អសោះ ខំដឹកគ្រាប់មីន មកប្រគល់ឱ្យអាជ្ញាធរ..!។
ហើយក៏ត្រូវជួបរឿង ដែលនឹកស្មានមិនដល់ គឺសមត្ថកិច្ចយកច្បាប់មកអនុវត្តលើពួកគាត់ ដោយគ្មានការយោគយល់…!។

-ក្នុងរឿងនេះប្រជាពលរដ្ឋទូទៅ.បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ដោះលែងពួកគាត់វិញ ដោយក្ដីអនុគ្រោះ..!!។
ដោយផ្អែកថា ជនត្រូវចោទខាងលើពុំមានបំណង ជួញដូរអាវុធគ្រឿងផ្ទុះ ឬមានចេតនាទៅបំផ្ទុះ ដើម្បីបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

-នេះគ្រាន់តែជាការ ឈឺឆ្អាលខុសរឿង.មានបំណងល្អ.ប៉ុន្តែជួយរឿងអាក្រក់ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *