ក្រសួងមហាផ្ទៃ ឱ្យបញ្ចប់មុខតំណែងលោកស្រី ជៀម សំរិតសោភា ពីជំនួយការសង្កាត់តាខ្មៅ!

(កណ្តាល)៖ លោកស្រី ជៀម សំរិតសោភា ជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងត្រូវជាកូនស្រីរបស់លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ត្រូវក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តកណ្ដាល បញ្ចប់មុខតំណែង បន្ទាប់ពីស៊ើបអង្កេតឃើញថា បាន”រំលោភអំណាចនិងប្រព្រឹត្តអំពើពុករលួយ”។

-នេះបើយោងតាម លិខិតរបស់ក្រសួងមហាផ្ទៃ ដែលជម្រាបមក អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី០៥.០៣.២០២៥។
ក្រៅពីលោកស្រី ជៀម សំរិតសោភា ក៏មានមន្ត្រីមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធ និងរឿងរ៉ាវពុករលួយមួយនេះ។
លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ និងកូនស្រី រួមជាមួយឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ។
ត្រូវបានលោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ មានទីលំនៅផ្ទះលេខ៦៥ ផ្លូវលេខ២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្ដឹងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

ប្រភពបានឲ្យដឹងថា ក្រោយក្រសួងមហាផ្ទៃ ទទួលពាក្យបណ្ដឹងសុំប្តឹង៖ ១.លោក ជៀម សំរិតធី មន្ត្រីនគរបាលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ។
លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ។
និងលោកស្រី ជៀម សំរិតសោភា ជាអ្នកសរសេរលើសំបុត្រកំណើត(កាន់ឯកសាររត់ការ)ពីបទ«រំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ»។

ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីធ្វើអធិការកិច្ច និងពិនិត្យឯកសារពាក់ព័ន្ធរួចមកក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល ឱ្យបញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ពីជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

Leave a Reply

Your email address will not be published. Required fields are marked *