កាលពីថ្ងៃអង្គារ៍(ទី១៨ខែមីនា) រុស្ស៉ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានព្យាយាមបើកការវាយប្រហារឆ្លងព្រំដែន ដោយភាគីម្ខាងៗនិយាយថា កងកម្លាំងបានវាយបក ចំពោះការប៉ុនប៉ងវាយប្រហារចូលមកទឹកដីរបស់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៉ីអះអាងថា កងកម្លាំងរបស់ខ្លួនបានទប់ស្កាត់ការប៉ុនប៉ង ៥លើកពីអ៊ុយក្រែន ដើម្បីរុញច្រានឆ្លងកាត់ព្រំដែនចូលមកក្នុងតំបន់ Belgorod ភាគនិរតីប្រទេស។ អង្គភាពការការពារព្រំដែនរដ្ឋ បានវាយបកវិញដោយប្រើកាំភ្លើងធំ និងយន្តហោះដ្រូន First Person Vision។
ការវាយប្រហារនោះ បានរំខានដល់កិច្ចចរចារវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងដោះស្រាយបញ្ចប់សង្រ្គាម។
យោធាអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្តាញតេឡេក្រាម បានលើកឡើងថា កងកម្លាំងរបស់ខ្លួនបាន ទប់ស្កាត់ដោយជោគជ័យរាល់ការប៉ុនប៉ងរបស់រុស្ស៉ី ដើម្បីទទួលបានទីតាំងឈរជើងក្នុងតំបន់ Sumy ហើយសត្រូវរងការខាត បង់ ច្រើន។
គួរបញ្ជាប់ថា អ៊ុយក្រែន បានបើកការវាយលុកចូលក្នុងតំបន់ Kursk របស់រុស្ស៉ី កាលពីខែសីហា ខណៈដែលថ្មីៗនេះទាហានរុស្ស៉ី យកបានទឹកភាគច្រើនមកវិញ។ ចំណែករុស្ស៉ីវិញ កាលពីឆ្នាំមុន បានរុលទៅមុខក្នុងតំបន់ Kharkiv ហើយប៉ុន្មានសប្តាហ៍ថ្មីនេះ បានបង្កើនការវាយប្រហារកាន់តែខ្លាំងទៅលើតំបន់ Sumy៕