មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការផ្ទុះនៅកំពង់ផែ Shahid Rajaee ក្នុងទីក្រុង Bandar Abbasកាលពីថ្ងៃសៅរ៍(ទី២៦ខែមេសា)។
មានការថ្កោលទោសពីអន្តរជាតិលើការផ្ទុះដែលគេសង្ស័យបណ្តាលមមពីសារធាតុគីមី ខណៈអ៊ីរ៉ង់បានចាប់ផ្ដើមការចរចានុយក្លេអ៊ែរជុំទី៣ជាមួយអាមេរិក។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោកបានហៅឧបទ្ទវហេតុនោះថាជាហេតុការណ៍ដ៏រន្ធត់ ហើយនិយាយថា បានបង្កឱ្យមានទុក្ខសោក និងក្តីបារម្ភយ៉ាងជ្រាលជ្រៅ ដោយជំរុញឱ្យក្រុមអាជ្ញាធរសន្តិសុខ និងតុលាការស៊ើបអង្កេតពេញលេញមួយដើម្បីស្វែងរកការធ្វេសប្រហែស ឬកំហុសដោយចេតនាណាមួយ ហើយបន្តចាត់ការតាមផ្លូវច្បាប់។មន្រ្តីទាំងអស់ត្រូវតែចាត់ទុកខ្លួនឯងជាអ្នកទទួលខុសត្រូវចំពោះការទប់ស្កាត់ឧបទ្ទវហេតុសោកនាដកម្ម និងការបំផ្លិចបំផ្លាញបែបនេះ ។
យោងតាមក្រុមអាជ្ញាធរឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះដ៏ធំដែលបានកក្រើកទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានកើនឡើងដល់៤០នាក់និងរាប់រយនាក់រងរបួស។
លោក Mohammad Ashouri អភិបាលខេត្ត Hormozgan ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០នាក់បានបាត់បង់ជីវិត និងបណ្ដាលឲ្យមនុស្សប្រមាណ៩០០នាក់ រងរបួស។
លោកបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់មួយចំនួនដែលទទួលរងការរលាកធ្ងន់ធ្ងរដោយសារតែការផ្ទុះនោះ ។កាលពីព្រឹកថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ Hormozgan ដែលនិយាយថាមនុស្សជាង១.០០០នាក់ បានរងរបួសនៅក្នុងការផ្ទុះកាលពីថ្ងៃសៅរ៍ ជាការផ្ទុះដ៏ធំបំផុតមួយរបស់ប្រទេសនេះ ដែលមិនធ្លាប់បានឃើញ៕