ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីនបានរាយការណ៍ថាចំនួនអ្នកស្លាប់បានឡើងដល់១៤៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ ១៥ ឧសភាសប្ដាហ៍នេះ ក្នុងការវាយប្រហារយប់ទី២ជាប់គ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធជាទីដែលអង្គការមួយគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយថាខ្លួនមានបំណងចាប់ផ្តើមចែកចាយជំនួយនៅចុងខែនេះ ស្របពេលចំនួនអ្នកស្លាប់សរុបឡើងដល់ជាង៥៣.០០០នាក់ ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការកើនឡើងនៃការទម្លាក់គ្រាប់បែកឥតឈប់ឈរខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា។
ជំនួយដល់ហ្កាហ្សាត្រូវបានកាត់ផ្តាច់ចាប់តាំងពីថ្ងៃទី ២ ខែមីនា ជាវិធីសាស្ត្រមួយរបស់អ៊ីស្រាអែលដែលបាននិយាយថា មានបំណងបង្ខំសម្បទានពីក្រុមហាម៉ាស ប៉ុន្តែក្រុមនេះបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ការស្ដារឡើងវិញនូវជំនួយមនុស្សធម៌ដល់ទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ គឺជាតម្រូវការអប្បបរមាសម្រាប់កិច្ចពិភាក្សា។
ក្រុមនេះក៏បានព្រមានផងដែរថាហ្កាហ្សា មិនមែនសម្រាប់លក់ដូរទេ ប៉ុន្មានម៉ោងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់តំបន់នោះម្តងទៀត បានបង្ហើបពីការគ្រប់គ្រងដែនដីនេះ ហើយប្រែក្លាយទៅជាតំបន់សេរីភាព ។ទីភ្នាក់ងារការពារជនស៊ីវិលរបស់ដែនដីហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់១៤៣នាក់ហើយ។ ជាមួយគ្នានោះអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសមួយក្នុងចំណោមបញ្ជាជម្លៀសដ៏ធំបំផុតជាច្រើនសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់មួយដែលមិនទាន់មើលឃើញសង្គ្រាមពេញបន្ទុករបស់ដែនដីហ្កាហ្សា៕