កាលពីថ្ងៃព្រហស្បតិ៍(ទី១៤ខែឧសភា) ប្រទេសចិនបានគាំទ្រដល់ស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាទណ្ឌកម្មលើប្រទេសមជ្ឈិមបូព៌ានឹងត្រូវដកចេញ។
ប្រភពពីសារព័ត៌មានAnadolu Agency។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅទីក្រុងប៉េកាំង បាននិយាយថាទីក្រុងប៉េកាំងតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់។
លោក Lin បាននិយាយថាយើងអាណិតអាសូរចំពោះការលំបាកដែលប្រជាជនស៊ីរីទទួលរង និងគាំទ្រស៊ីរីក្នុងការបន្តគោលនយោបាយក្នុងស្រុក និងបរទេសប្រកបដោយសន្តិភាព និងរួមបញ្ចូល ដើម្បីស្ដារស្ថិរភាព និងការអភិវឌ្ឍន៍ ដែលវាក៏ស្របតាមការរំពឹងទុករួមរបស់សហគមន៍អន្តរជាតិផងដែរ។
គួររំលឹកដែរថា កាលពីថ្ងៃអង្គារ លោក Trump បានប្រាប់វេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិកឆ្នាំ 2025 នៅរដ្ឋធានី Riyadh ថាលោកនឹងបញ្ជាឱ្យដកចេញនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី ដើម្បីផ្តល់ឱ្យប្រទេសនោះឱកាសដ៏អស្ចារ្យ៕