នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់ សម្រេចលាលែង​ពី​តំណែង ដោយពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ!

នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa បានប្រកាសពីលាលែងពីតំណែង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
បន្ទាប់ពីរូបលោកជាប់ពាក់ព័ន្ធអំពើពុករលួយ ជុំវិញការផ្តល់កិច្ចសន្យាទៅនឹងវិស័យថាមពល.!។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃដដែល លោក Costa បានលើកឡើងយ៉ាងដូច្នេះថា «ភារកិច្ចជានាយករដ្ឋមន្រ្តី គឺមិនស៉ីគ្នានឹងមន្ទិលសង្ស័យណាមួយនៃភាពសុច្ចរិតរបស់ខ្ញុំឡើយ។
នៅក្នុងកាលៈទេសៈបែបនេះ ខ្ញុំបានសម្រេចចិត្តដាក់ពាក្យលាលែងពីមុខតំណែង ទៅកាន់លោកប្រធានាធិបតី»។

មុនពេលនោះក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព័រទុយហ្កាល់ បានរាយការណ៍ថា ក្រុមអ្នកស៉ើបអង្កេត បានធ្វើការឆែកឆេរក្រសួងមួយចំនួន ព្រមទាំងការិយាល័យរបស់ លោក Costa ផ្ទាល់។
ក្រោយមក ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេបានចោទប្រកាន់ជាផ្លូវការ លើរដ្ឋមន្រ្តីហេដ្ឋរចនាសម្ព័ន្ធ លោក Joao Galamba និងចេញដីកាចាប់ខ្លួន ប្រធានខុទ្ទកាល័យរបស់លោក Costa។

គួរបញ្ជាក់ថា ការស៉ើបអង្កេតខាងលើពាក់ព័ន្ធទៅនឹង ការផ្តល់សម្បាទានសម្រាប់ប្រតិបត្តិការជីករុករករ៉ែ lithium នៅតំបន់ភាកខាងជើង​ប្រទេសព័រទុយហ្កាល់ ព្រមទាំងគម្រោងផលិតឧស្ម័នអ៉ីដ្រូហ្សែន និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ ដែលកសាងឡើងដោយក្រុមហ៊ុន Start Campus ក្នុងក្រុង Sines ដែលជាក្រុងមួយស្ថិតនៅចម្ងាយ ១០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីលីសបោន។
ដីកាចាប់ខ្លួនក៏ត្រូវបាន​ចេញសម្រាប់ចៅហ្វាយក្រុង Sines និងនាយកពីររូបនៃក្រុមហ៊ុន Start Campus ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *