នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa បានប្រកាសពីលាលែងពីតំណែង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
បន្ទាប់ពីរូបលោកជាប់ពាក់ព័ន្ធអំពើពុករលួយ ជុំវិញការផ្តល់កិច្ចសន្យាទៅនឹងវិស័យថាមពល.!។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃដដែល លោក Costa បានលើកឡើងយ៉ាងដូច្នេះថា «ភារកិច្ចជានាយករដ្ឋមន្រ្តី គឺមិនស៉ីគ្នានឹងមន្ទិលសង្ស័យណាមួយនៃភាពសុច្ចរិតរបស់ខ្ញុំឡើយ។
នៅក្នុងកាលៈទេសៈបែបនេះ ខ្ញុំបានសម្រេចចិត្តដាក់ពាក្យលាលែងពីមុខតំណែង ទៅកាន់លោកប្រធានាធិបតី»។
មុនពេលនោះក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព័រទុយហ្កាល់ បានរាយការណ៍ថា ក្រុមអ្នកស៉ើបអង្កេត បានធ្វើការឆែកឆេរក្រសួងមួយចំនួន ព្រមទាំងការិយាល័យរបស់ លោក Costa ផ្ទាល់។
ក្រោយមក ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេបានចោទប្រកាន់ជាផ្លូវការ លើរដ្ឋមន្រ្តីហេដ្ឋរចនាសម្ព័ន្ធ លោក Joao Galamba និងចេញដីកាចាប់ខ្លួន ប្រធានខុទ្ទកាល័យរបស់លោក Costa។
គួរបញ្ជាក់ថា ការស៉ើបអង្កេតខាងលើពាក់ព័ន្ធទៅនឹង ការផ្តល់សម្បាទានសម្រាប់ប្រតិបត្តិការជីករុករករ៉ែ lithium នៅតំបន់ភាកខាងជើងប្រទេសព័រទុយហ្កាល់ ព្រមទាំងគម្រោងផលិតឧស្ម័នអ៉ីដ្រូហ្សែន និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ ដែលកសាងឡើងដោយក្រុមហ៊ុន Start Campus ក្នុងក្រុង Sines ដែលជាក្រុងមួយស្ថិតនៅចម្ងាយ ១០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីលីសបោន។
ដីកាចាប់ខ្លួនក៏ត្រូវបានចេញសម្រាប់ចៅហ្វាយក្រុង Sines និងនាយកពីររូបនៃក្រុមហ៊ុន Start Campus ផងដែរ៕