នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមិថុនានេះ បានធ្វើដំណើរទៅជួបមេបញ្ជាការយោធភូមិភាគទី២ លោក Boonsin Padklang ដែលទទួលបន្ទុកគ្រប់គ្រងកន្លែងមានការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយកម្ពុជា។
ជំនួបផ្ទាល់រវាងលោកស្រី និងមេបញ្ជាការយោធភូមិភាគ២របស់ថៃនេះ ធ្វើឡើងខណៈដែលលោកស្រី កំពុងព្យាយាមដោះស្រាយវិបត្តិនយោបាយ ដែលគំរាមកំហែងដល់អនាគតនៃរដ្ឋាភិបាលរបស់លោកស្រី។
សូមបញ្ជាក់ថា លោកស្រី ផែថងថាន បានហៅលោក Boonsin Padklang ថាជា “គូប្រជែង” នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយ។
ខ្លឹមសារនេះ បាននាំឱ្យមេដឹកនាំវ័យ ៣៨ឆ្នាំ ដែលទើបតែកាន់តំណែងមិនទាន់បានមួយឆ្នាំផងនោះ ត្រូវសុំទោសជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា។
ក្នុងពេលថ្លែងស៉ំទោសនោះ លោកស្រី ផែថងថាន បានឈរនៅចំពោះមុខមេបញ្ជាការកងទ័ព និងនគរបាលជាតិថៃ ក្នុងគោលបំណងបង្ហាញពីការរួបរួម ខណៈដែលកំហឹងនយោបាយបានឆាបឆេះឡើង នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា ក្រោយការបែកធ្លាយកិច្ចសន្ទនា, គណបក្សភូមិចៃថៃ ដែលជាគណបក្សដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាល កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា ដោយលើកឡើងថា លោកស្រីបានប្រមាថប្រទេសជាតិ និងកងទ័ព ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកស្រីស្ថិតក្នុងស្ថានភាពមួយជិតដួលរលំ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅមានដំណឹងល្អសម្រាប់លោកស្រី ផែថងថាន ដែលជាកូនស្រីរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់នេះដែរ ពោលគឺនៅថ្ងៃសុក្រ ទី២០ ខែមិថុនានេះ គណបក្សដៃគូចម្រុះដ៏សំខាន់មួយទៀត គឺគណបក្សប្រជាធិបតេយ្យ បានប្ដេជ្ញាចិត្តថានឹងបន្តរួបរួមនៅជាមួយរដ្ឋាភិបាលរបស់លោកស្រី។
គណបក្សនេះ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គណបក្សប្រជាធិបតេយ្យនឹងបន្តនៅក្នុងរដ្ឋាភិបាលចម្រុះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ដែលប្រទេសកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ៕