(ភ្នំពេញ)៖ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។
ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។
គណបក្សប្រជាជនកម្ពុជាបានចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន ។
គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេសបូរណភាពទឹកដី ។
គណបក្សប្រជាជនកម្ពុជា មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ សម្រាប់ការដឹកនាំគណបក្ស ដើម្បីធានាការអភិវឌ្ឍ សន្តិភាពដែលជាសេចក្ដីប្រាថ្នា របស់ប្រជាពលរដ្ឋ។ សម្តេចបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលដើរ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជាជានិច្ច ពោលគឺនិយាយពិត ធ្វើពិត។
សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ព្រលានយន្តហោះ ព្រែកហ្វូណនតេជោ និងផ្លូវ ដែលសមិទ្ធផលទាំងអស់នេះ គឺដើម្បីប្រយោជន៍ប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវការកសាងព្រះរាជាណាចក្រកម្ពុជាមួយ ដែល មានសេដ្ឋកិច្ចប្រាកដប្រជា បរិយាបន្ន សមភាពសង្គម ប្រជាជនមានចំណេះដឹង មានជីវភាពរស់នៅសមរម្យ ចាកផុតពីភាពក្រីក្រ ។
សម្តេចបានថ្លែងអំណរគុណដល់សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរព តាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។សមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវស្មោះត្រង់នឹងប្រជាជន បម្រើប្រជាជន និងរៀនសូត្រពីប្រជាជន។ មន្ត្រីគណបក្សត្រូវតែរឹងមាំសាមគ្គី ត្រូវធ្វើអំពើល្អបម្រើប្រជាជនមិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំអស់ ត្រូវតែគោរព និងស្រលាញ់ប្រជាជនគ្រប់ពេលវេលា ខណៈអំពើល្អរបស់មន្រ្តីគណបក្សនា ពេលកន្លងមក គឺជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយត្រួវតែបន្តរឹងមាំ ប្រកាន់សច្ចភាព យុត្តិធម៌ និងសាមគ្គីភាពនៅគ្រប់ដំណាក់កាលទាំងអស់។
សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានចងសម្ព័ន្ធភាព ជាមួយគណបក្សនយោយបាយនានានៅកម្ពុជាចំនួន២៨គណបក្ស ដោយគោរព នូវគោលនយោបាយរបស់ពួកគេ។
សម្ដេចតេជោបានបញ្ជាក់អំពីការប្រឆាំងចលនាជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាពនៃប្រទេសកម្ពុជា ដូច្នេះជនទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងចលនានេះ នឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។
គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានយកសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការឡាអេ និងគាំទ្ររាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សម្តេចតេជោបានប្រកាសជាថ្មីម្តងទៀតថា នឹងមិនលើកលែងឲ្យបុគ្គលណា ដែលចិញ្ចឹមចិត្តចង់បំផ្លិតបំផ្លាញនូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងកើតមានសព្វថ្ងៃនេះឡើយ ក្នុងកាលៈទេសៈ ណាក៏ដោយនោះ។
សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរដល់កងទ័ពទាំងអស់ ដែលកំពុង ឈរជើងនៅតាមព្រំដែន យ៉ាងស្វាហាប់ និងក្លាហានដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ ប្រទេសជិតខាង៕