ភិបាលខេត្តស្រះកែវ លោក ប៉ារិនយ៉ា ផូធីសាត បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋភូមិ ណងចាន់ ចូលប្រើប្រាស់ដីធ្លីបានវិញ ប៉ុន្តែត្រូវជូនដំណឹងមន្ត្រីសន្តិសុខជាមុន ដើម្បីចៀសវាងគ្រោះថ្នាក់ពីគ្រាប់មីនដែលនៅសេសសល់តាំងពីសម័យតំបន់នេះជាជំរំជនភៀសខ្លួនកម្ពុជា ជាង៤០ឆ្នាំមុន។
ប្រភពពីសារព័ត៌មានKhaosod។
ក្នុងកិច្ចប្រជុំជាមួយក្រុមការងារអារញ្ញ កងកម្លាំងយោធា និងមន្ត្រីភូមិបាល នៅឃុំ ណនម៉ាក់មួន ស្រុកខុកស៊ុង ព្រឹកថ្ងៃទី ១ កញ្ញា ២០២៥ អភិបាលខេត្តបានបញ្ជាក់ថា ដីឡូត៍ចំនួន ៦ ដែលមានទីតាំងជាប់បង្គោលព្រំដែនលេខ ៤៦–៤៧ ត្រូវបានវាស់វែងរួចរាល់ ហើយម្ចាស់ដីអាចចាប់ផ្តើមប្រើប្រាស់បានភ្លាមៗ។ ទោះយ៉ាងណា ពួកគេត្រូវសហការជាមួយក្រុមការងារអារញ្ញ និងសន្តិសុខរាល់ពេលចូលដល់តំបន់ ដើម្បីធានាសុវត្ថិភាព។
ចំណែកដីឡូត៍ A ទំហំប្រមាណ ៣៨ រ៉ៃ នៅតែមានហានិភ័យពីគ្រាប់មីន ដូច្នេះមិនអាចប្រើប្រាស់បាននៅឡើយ។ អភិបាលបានសន្យាពង្រឹងការសម្អាតមីនបន្ថែម មុននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលដី។
អភិបាលខេត្តស្រះកែវ ក៏បានលើកឡើងថា ម្ចាស់ដីឡូត៍អាចយកឯកសារវាស់វែងដីមកការិយាល័យភូមិបាលខេត្ត (សាខាអារញ្ញ) ដើម្បីស្នើសុំប័ណ្ណកម្មសិទ្ធបានភ្លាមៗ។ ករណីនេះនឹងត្រូវដោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីឲ្យម្ចាស់ដីអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធក្នុងការស្នើសុំកម្ចីធនាគារយ៉ាងស្របច្បាប់៕