(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី១៣ មករា ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។
សម្ដេចធិបតី ថ្លែងថា ការបំពេញទស្សនកិច្ចនៅពេលនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង លើវិស័យសំខាន់ៗ ជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។
ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។
គណៈប្រតិភូក៏នឹងបន្តចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។
កិច្ចប្រជុំនេះមានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព៕