(ភ្នំពេញ)៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅបុរស ចំនួន០៣នាក់ ដែលអះអាងខ្លួនមានអ្នកនៅពីក្រោយខ្នង ជាស្នងការ មកចូលខ្លួនបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាន នៅបណ្តាញសង្គម មានករណីបុរសម្នាក់ដើរប្រមូលលុយអាជីវករ លក់ដូរតាមផ្លូវ ចូលបុរីសែនមនោរម្យ ហើយអះអាងខ្លួនថា មានអ្នកនៅពីក្រោយខ្នង គឺជាលោកស្នងការ រួចមកភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងកោះហៅអ្នកពាក់ព័ន្ធមកបំភ្លឺ។
អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បុរស០៣នាក់ បានចូលខ្លួនបំភ្លឺ និងសារភាពថា ពួកគាត់និយាយដោយអចេតនា គ្មានបំណងយកឈ្មោះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ យកមកប្រើប្រាស់គំរាម អ្នកដទៃនោះទេ ។
សារសំឡេងនោះ ពួកគាត់និយាយក្នុងគ្រុប តេឡេក្រាមនោះទេ គ្រាន់តែ និយាយគំរាមអ្នកសារព័ត៌មាន ។
ដែលថតគាត់ ប្រមូលភាស៊ីពីអាជីករ គឺមានអ្នកនៅក្នុងគ្រុប យកសារសំឡេងពួកគាត់បញ្ចេញមកខាងក្រៅ បង្ហោះឱ្យអ្នកសារព័ត៌មាន ។
អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីសាកសួររួច បុរស០៣នាក់ បានសារភាពទទួលកំហុស ហើយសមត្ថកិច្ចបានអប់រំណែនាំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពនេះ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕