ប្រទេសឥណ្ឌូនេស៊ី ប្រកាសទិញយន្តហោះចម្បាំងពីចិន ចំនួន៤២គ្រឿង!

មន្ត្រីការពារជាតិកំពូល របស់ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃពុធទី១៥ ខែតុលាឆ្នាំ២០២៥ ថា ទីក្រុងហ្សាកាតា នឹងទិញយន្តហោះចម្បាំង Chengdu J-10C ផលិតដោយចិន យ៉ាងហោចណាស់ចំនួន៤២គ្រឿង ដែលជាកិច្ចព្រមព្រៀង ទិញយន្តហោះដ៏ច្រើន ទាំងដែលមិនមែនផលិតដោយលោកខាងលិចជាលើកដំបូង របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋមន្ត្រីការពារជាតិលោក Sjafrie Sjamsoeddin បានប្រាប់អ្នកយកព័ត៌មាន នៅរដ្ឋធានីហ្សាកាតាថា ឥណ្ឌូនេស៊ី នឹងទិញយន្តហោះចម្បាំងពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ ដែលជាផ្នែកនៃផែនការធ្វើទំនើបកម្មយោធារបស់ខ្លួន។
យ៉ាងណា លោកSjamsoeddin បានដិសេធមិនផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងការបញ្ជាទិញយន្តហោះចម្បាំងក្នុងចំនួនដ៏ច្រើនពីប្រទេសចិន។

ឥណ្ឌូនេស៊ី ផ្ដើមជំរុញដល់ការធ្វើឱ្យប្រសើរឡើង និងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន និងពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក Prabowo Subianto។
លោកSubianto បានធ្វើដំណើរឆ្លងទ្វីបឥតឈប់ឈរ ទៅកាន់ប្រទេសចិន បារាំង រុស្ស៊ី តួកគី និងសហរដ្ឋអាមេរិក ក្នុងគោលបំណង ដើម្បីទទួលបានអាវុធថ្មីៗ និងការឃ្លាំមើល និងសមត្ថភាពការពារទឹកដី។

យុទ្ធនាការកៀរគរគ្រឿងសព្វាវុធ ដើម្បីពង្រឹងវិស័យការពារជាតិឥណ្ឌូនេស៊ី បានបង្ហាញកាន់តែច្បាស់នៅពេលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសកាលពីខែមិថុនាថា ប្រទេសរបស់លោក នឹងនាំចេញយន្តហោះចម្បាំង KAAN ចំនួន ៤៨ គ្រឿងទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

ប្រទេសឥណ្ឌូនេស៊ីបានបញ្ចប់ការបញ្ជាទិញយន្តហោះចម្បាំងបារាំង Dassault Rafale ចំនួន៤២ គ្រឿងក្នុងខែមករា ឆ្នាំ២០២៤ ដោយការដឹកជញ្ជូនលើកដំបូងត្រូវបានរំពឹងទុកនៅដើមឆ្នាំ២០២៦ខាងមុខ។ ប្រទេសមួយនេះ ក៏បានប្រកាសទិញនាវាមុជទឹកបារាំង Scorpene Evolved ចំនួន២គ្រឿង និងរ៉ាដា Thales ចំនួន១៣គ្រឿងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *