Breaking៖ លោកត្រាំ ជួបនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ដើម្បីពិភាក្សាពីបញ្ហាពាណិជ្ជកម្មនិងសន្តិសុខ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអង្គារ ទី២៨ ខែតុលា ក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពី បញ្ហាពាណិជ្ជកម្ម និងសន្តិសុខ មួយសប្ដាហ៍បន្ទាប់ពីលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន និងប្ដេជ្ញាពន្លឿនការពង្រឹងសមត្ថភាពយោធា។

ប្រភពពីសារព័ត៌មានReuters។

លោកស្រី Takaichi ត្រូវបានរំពឹងថានឹងយល់ព្រមលើកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកដែលត្រូវបានឯកភាពគ្នាក្នុងឆ្នាំ២០២៥នេះ ក្នុងនោះរួមមានទាំងវិស័យសាងសង់នាវា និងបង្កើនការទិញសណ្ដែងសៀង ឧស្ម័ន ព្រមទាំងរថយន្ដ pickup trucks ពីសហរដ្ឋអាមេរិក។

លោកស្រីក៏មានគម្រោងជូនដំណឹងដល់លោក ត្រាំ ផងដែរថាលោកស្រី បានត្រៀមលក្ខណៈជាស្រេចដើម្បីតែងតាំងរូបលោកជាបេក្ខភាពនៃពានរង្វាន់ណូបែលសន្តិភាព ក្រោយមេដឹកនាំពិភពលោកមួយចំនួនបានតែងតាំងលោក ត្រាំ សម្រាប់ពានរង្វាន់ដែលលោកចង់បានជាយូរណាស់មកហើយ។

ក្នុងពេលជួបគ្នានៅឯវិមាន Akasaka ក្នុងទីក្រុងតូក្យូ លោក ត្រាំ បាននិយាយថានេះគឺជាការចាប់ដៃយ៉ាងស្អិតល្មួតបំផុត។ លោក ត្រាំ និងលោកស្រី Takaichi ក៏បានជជែកគ្នាអំពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលជាអតីតសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ត្រាំ និងលោកស្រី Takaichi។ លោក (Abe) ធ្លាប់ជាមិត្តដ៏អស្ចារ្យម្នាក់របស់ខ្ញុំ និងជាមិត្តដ៏អស្ចារ្យម្នាក់របស់អ្នក។ នេះជាការលើកឡើងរបស់លោក ត្រាំ ទៅកាន់លោកស្រី Takaichi អំពីលោក Abe។

គួរបញ្ជាក់ថា លោកត្រាំ បានធ្វើទស្សនកិច្ចនៅឯវិមាន Akasaka លើកចុងក្រោយបំផុតកាលពីឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ កាលពីថ្ងៃចន្ទ បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងតូក្យូ លោក ត្រាំ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានជួបព្រះចៅអធិរាជជប៉ុន Naruhito នៅព្រះបរមរាជវាំងជប៉ុន៕

Leave a Reply

Your email address will not be published. Required fields are marked *