(ភ្នំពេញ)៖ តាមការផ្សព្វផ្សាយ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនជាតិបង់ក្លាដេស ២នាក់បន្ទាប់ពីពួកគេ នាំមនុស្សចំនួន៥៦នាក់ឆ្លងដែនដោយខុសច្បាប់!។
ប្រភពដដែលបានបន្តថា ក្នុងការចាប់ខ្លួនជនជាតិបង់ក្លាដេស២នាក់នេះ សមត្ថកិច្ចបានរកឃើញថា ជាមេខ្លោងក្នុងករណីនាំមនុស្សឆ្លងដែន។
ដោយបានអនុវត្តតាមបណ្ដឹងសុំឱ្យជួយអន្តរគមន៍សង្គ្រោះ ជនជាតិបង់ក្លាដេស ជាច្រើននាក់ទៀតនៅកម្ពុជា។
កាលពីដើមសប្ដាហ៍កន្លងទៅនេះ មានបទបញ្ជាពីលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កម្លាំងជំនាញនៃនាយកដ្ឋានស៊ើបអង្កេត ជាមួយកម្លាំងនាយកដ្ឋានចារកម្ម បានសហការចុះស្រាវជ្រាវ និងត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន២។
ទីតាំងទី១-សណ្ឋាគារមួយស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី២-ផ្ទះសំណាក់មួយ ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។ទាំង២ទីតាំងនេះផ្នែកជំនាញសង្ស័យថា មានជាប់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់។
ក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេស ចម្រុះជាតិសាសន៍ចំនួន៥៦នាក់ និងមេខ្លោង២នាក់។
ជនបរទេសជាអ្នករងគ្រោះទាំង៥៦នាក់នោះ មាន៣សញ្ជាតិ បង់ក្លាដេស៥១នាក់ ឥណ្ឌា៤នាក់ និងស្រីលង្កាម្នាក់ត្រូវបានមេខ្សល់ អូសទាញចូលមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ។
ចំពោះអ្នកមិនចេះភាសាអង់គ្លេស និងកុំព្យូទ័រ មេខ្លោងបញ្ជូនទៅប្រទេសថៃ និងម៉ាឡេស៊ី។
ប្រភពបានបន្តថា បច្ចុប្បន្នជនបរទេសដែលរងគ្រោះទាំង៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច ក៏បានប្រគល់ឱ្យទៅអង្គការ “ការីតាសកម្ពុជា” នៅខេត្តកណ្តាល។
ចំពោះជនសង្ស័យជាមេខ្លោង២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបន្តស្រាវជ្រាវស្វែងរក ចាប់ជនពាក់ព័ន្ធ៤នាក់ទៀត កំពុងរត់គេចខ្លួន៕