ទួរគី ចាប់ខ្លួនមនុស្ស៤៧នាក់ ពាក់ព័ន្ធបាញ់ប្រហារលើព្រះវិហារ១កន្លែង នៅទីក្រុងអ៊ីស្តង់ប៊ុល!

យ៉ាងហោចណាស់ជនសង្ស័យ47នាក់ត្រូវបាន ចាប់ខ្លួនពាក់ព័ន្ធ នឹងការវាយប្រហារព្រះវិហារកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
-នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadalou ដោយដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃប្រទេសលោក Ali Yerlikaya ។

រដ្ឋមន្ត្រី​មហាផ្ទៃ Ali Yerlikaya បានប្រកាសថា ការវាយប្រហារ​ប្រដាប់អាវុធ​មួយ​បាន​កើតឡើង​នៅ​ព្រះវិហារ Santa Maria ក្នុង​ទីក្រុង Sarıyer​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​និយាយ​បន្តថា បុគ្គល​ម្នាក់​ត្រូវបាន​កំណត់ថា​ជា C.T. អ្នក​ដែល​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​ក្នុងការ​បម្រើ​នៅ​ថ្ងៃអាទិត្យ បាន​ស្លាប់​បន្ទាប់ពី​ការវាយប្រហារ​ប្រដាប់អាវុធ​ខាងលើនេះ​។​

ករណី​នោះ​បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង ១១:៤០ នាទី​ព្រឹក ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៤ ក្នុងអំឡុងពេល​នៃ​ការរៀបចំ​ពិធី​មួយ​នៅ​ព្រះវិហារ Santa Maria ក្នុង​សង្កាត់ Buyukdere នៃ Sarıyer,​ខណ​ភ្លាមៗ​នោះ C.T. ដែលជា​អ្នកចូលរួម​ក្នុង​ពិធី​សាសនា​មួយ​ត្រូវបាន​ទទួលរង​ការវាយប្រហារ ដោយ​ប្រដាប់អាវុធ​ដោយ​បុគ្គល​ពីរ​នាក់ ដែល​ពាក់​ម៉ាស់ ហើយ​ជា​អកុសល​គាត់ ក៏បាន​បាត់បង់​ជីវិត។​

ការស៊ើបអង្កេត​ដ៏​ទូលំទូលាយ​មួយ​ត្រូវបានប្រតិបត្តិ​ការឡើង​ភ្លាមៗ ទាក់ទង​នឹង​ឧបទ្ទវ​ហេតុនេះ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​កំពុងដំណើរការ​ដើម្បី​ចាប់ខ្លួន​អ្នក​វាយប្រហារ​។​

លោក​ថា យើង​ប្រកាស​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ដ៏​សាហាវ​នេះ​។ នេះ​ជាការ​ថ្លែង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ទួរគី​លោក Ali Yerlikaya ដែល​បានប្រកាស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Yılmaz Tunç បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​ការវាយប្រហារ​ប្រដាប់អាវុធ​ទៅលើ​បុគ្គល​ម្នាក់​ស្លាប់​នៅ​ព្រះវិហារ Santa Maria។​
លោក​រដ្ឋមន្ត្រី Tunç បានប្រកាសថា ការស៊ើបអង្កេត​មួយ​ត្រូវបាន​ចាប់ផ្តើម​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ហើយ​អគ្គ​ព្រះរាជអាជ្ញារង​មួយរូប និង​រដ្ឋអាជ្ញា​សាធារណៈ​ពីរ​នាក់​ត្រូវបានតែងតាំង​ដើម្បី​បំភ្លឺ​អំពី​ឧប្បត្តិ​ហេតុនេះ​។​

លោក Tunç បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​កំពុងដំណើរការ​ដើម្បី​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជនសង្ស័យ​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​។ ការស៊ើបអង្កេត​កំពុង​ត្រូវបាន​ធ្វើឡើង​យ៉ាង​ហ្មត់ចត់ និង​ល្អិតល្អន់​ពី​មុំ​ជាច្រើន​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *