យ៉ាងហោចណាស់ជនសង្ស័យ47នាក់ត្រូវបាន ចាប់ខ្លួនពាក់ព័ន្ធ នឹងការវាយប្រហារព្រះវិហារកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
-នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadalou ដោយដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃប្រទេសលោក Ali Yerlikaya ។
រដ្ឋមន្ត្រីមហាផ្ទៃ Ali Yerlikaya បានប្រកាសថា ការវាយប្រហារប្រដាប់អាវុធមួយបានកើតឡើងនៅព្រះវិហារ Santa Maria ក្នុងទីក្រុង Sarıyer។
លោករដ្ឋមន្ត្រីក៏បាននិយាយបន្តថា បុគ្គលម្នាក់ត្រូវបានកំណត់ថាជា C.T. អ្នកដែលស្ថិតក្នុងចំណោមអ្នកដែលចូលរួមក្នុងការបម្រើនៅថ្ងៃអាទិត្យ បានស្លាប់បន្ទាប់ពីការវាយប្រហារប្រដាប់អាវុធខាងលើនេះ។
ករណីនោះបានកើតទ្បើងកាលពីវេលាម៉ោង ១១:៤០ នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃការរៀបចំពិធីមួយនៅព្រះវិហារ Santa Maria ក្នុងសង្កាត់ Buyukdere នៃ Sarıyer,ខណភ្លាមៗនោះ C.T. ដែលជាអ្នកចូលរួមក្នុងពិធីសាសនាមួយត្រូវបានទទួលរងការវាយប្រហារ ដោយប្រដាប់អាវុធដោយបុគ្គលពីរនាក់ ដែលពាក់ម៉ាស់ ហើយជាអកុសលគាត់ ក៏បានបាត់បង់ជីវិត។
ការស៊ើបអង្កេតដ៏ទូលំទូលាយមួយត្រូវបានប្រតិបត្តិការឡើងភ្លាមៗ ទាក់ទងនឹងឧបទ្ទវហេតុនេះ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីចាប់ខ្លួនអ្នកវាយប្រហារ។
លោកថា យើងប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏សាហាវនេះ។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីមហាផ្ទៃទួរគីលោក Ali Yerlikaya ដែលបានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យម្សិលមិញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Yılmaz Tunç បានធ្វើសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការវាយប្រហារប្រដាប់អាវុធទៅលើបុគ្គលម្នាក់ស្លាប់នៅព្រះវិហារ Santa Maria។
លោករដ្ឋមន្ត្រី Tunç បានប្រកាសថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ទីក្រុងអ៊ីស្តង់ប៊ុល ហើយអគ្គព្រះរាជអាជ្ញារងមួយរូប និងរដ្ឋអាជ្ញាសាធារណៈពីរនាក់ត្រូវបានតែងតាំងដើម្បីបំភ្លឺអំពីឧប្បត្តិហេតុនេះ។
លោក Tunç បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យដែលនៅពីក្រោយការវាយប្រហារ។ ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងល្អិតល្អន់ពីមុំជាច្រើនផងដែរ៕