អ៊ីរ៉ង់​បដិសេធ​ថា ខ្លួនពុំបានប្រើដ្រូន វាយប្រហារសម្លាប់ទាហានអាមេរិក នៅប្រទេសហ្ស៊កដានីនោះទេ!

ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសហ្ស៊កដានី ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិក ៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron បានស្តីបន្ទោសក្រុមគាំទ្រដោយអ៊ីរ៉ង់សម្រាប់ការវាយប្រហារកាលពីថ្ងៃអាទិត្យនៅជិតព្រំដែនជាមួយស៊ីរី។

លោក Nasser Kanaani និយាយថា “ដូចដែលយើងបញ្ជាក់យ៉ាងច្បាស់ពីមុនមកអ៊ីចឹង ក្រុមអ្នកតស៊ូក្នុងតំបន់ កំពុងឆ្លើយតបនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ ពួកគេមិនទទួលបញ្ជាពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទេ។ ក្រុមទាំងនេះសម្រេចចិត្ត និងធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ និងអាទិភាពរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ពួកគេប៉ុណ្ណោះ”។

ការបំភ្លឺនេះធ្វើឡើង បន្ទាប់ពីចលនាតស៊ូឥស្លាម មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើតំបន់ Tower 22 ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនហ្ស៊កដានី-ស៊ីរី។

ទោះបីជាយ៉ាងណាក៏ដោយ មុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដាក់ការសង្ស័យទង្វើនេះជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ ខណៈមានអ្នកនយោបា​យអាមេរិកជាច្រើនរូបទៀត បានស្តីបន្ទោសទីក្រុងតេហេរ៉ង់ដោយផ្ទាល់តែម្តង ហើយក្រោយមក លោកបានចេញសេចក្តីថ្លែងការណ៍ ដោយប្តេជ្ញាសងសឹកចំពោះការបាត់បង់ជីវិតរបស់ទ័ពអាមេរិក។

តាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក, ក្រៅពីអ្នកស្លាប់ ក៏មានទាហាន២៥នាក់ទៀតរងរបួសដែរ ក្នុងការវាយប្រហារនេះ។

សូមជម្រាបថា ហេតុការណ៍នៅហ្ស៊កដានី ក៏កើតឡើងផងដែរចំពេលក្រុមសកម្មប្រយុទ្ធ Shia ក្នុងតំបន់ ប្តេជ្ញារួមដៃជាមួយប៉ាឡេស្ទីន និងទាមទារឲ្យអ៊ីស្រាអែល បញ្ចប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា។

មិនត្រឹមប៉ុណ្ណឹង​ ក្រុមហេសបូឡា នៅប្រទេសលីបង់ ក៏បាញ់រ៉ុកកែត និងកាំភ្លើងត្បាល់ជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល ខណៈក្រុមហ៊ូធីរបស់យេម៉ែនឯណោះវិញ ក៏បាញ់មីស៊ីលនិងបង្ហោះដ្រូន វាយប្រហារកប៉ាល់ពាណិជ្ជករ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមផងដែរ។

ដោយសារតែរឿងនេះហើយ ទើបសហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ​ចាប់​ផ្តើមបើក​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​ក្រុម ហ៊ូធី ក្នុង​ប្រទេស​យេម៉ែននៅ​ថ្ងៃ​ទី ១២ ខែ​មករា ដោយ​លើក​ឡើង​ពីភាពចាំបាច់ដើម្បី​ការពារផ្លូវ​ដឹក​ជញ្ជូន​អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *