ស្ថានការណ៍កាន់តែក្តៅ ឈានដល់មានការភ័យខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។
បន្ទាប់ពីទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅប្រទេសហ្ស៊កដានី ហើយពេលនេះ មន្ទីរបញ្ចកោណ បានបញ្ចេញអត្តសញ្ញាណអ្នកទាំង៣នោះហើយ។
ទី១ ឈ្មោះ William J. Rivers អាយុ៤៦ឆ្នាំ មកពីទីក្រុង Carrollton នៃរដ្ឋ Georgia បានចូលបំពេញការងារក្នុងជួរកងទ័ពបម្រុងផ្នែកអគ្គិសនីនៅឆ្នាំ២០១១។
ទី២ ឈ្មោះ Kennedy L. Sanders អាយុ២៤ឆ្នាំ មកពីទីក្រុង Waycross នៃរដ្ឋ Georgia ចូលបំពេញការងារក្នុងជួរកងទ័ពបម្រុងផ្នែកវិស្វករសំណង់នៅឆ្នាំ២០១៩។
តាមការចុះផ្សាយរបស់ CNN គិតត្រឹមពេលនេះ ក្រៅទាហានស្លាប់ ចំនួនអ្នករបួសក្នុងការវាយប្រហារនោះ បានកើនឡើងដល់៤០នាក់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby គូសបញ្ជាក់ថា “យើងមិនចង់មានសង្រ្គាមមួយទៀតទេ យើងមិនចង់បញ្ឆេះវាឡើយ ប៉ុន្តែយើងនឹងធ្វើដាច់ខាតតាមតម្រូវការដើម្បីការពារខ្លួន”។
ក្រោយមានការចង្អុលចំមុខថាអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយរឿងនេះ ស្រាប់តែអ្នកនាំពាក្យក្រសួងការបរទេសទីក្រុងតេហេរ៉ង់ បានចេញមុខមកបដិសេធភ្លាមៗថា ខ្លួនមិនពាក់ព័ន្ធអ្វីឡើយ។
យ៉ាងណាមិញ អ្នកនាំពាក្យ Nasser Kanaani និយាយថា “ដូចដែលយើងបញ្ជាក់យ៉ាងច្បាស់ពីមុនមកអ៊ីចឹង ក្រុមអ្នកតស៊ូក្នុងតំបន់ កំពុងឆ្លើយតបនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ ពួកគេមិនទទួលបញ្ជាពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទេ។ ក្រុមទាំងនេះសម្រេចចិត្ត និងធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ និងអាទិភាពរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ពួកគេប៉ុណ្ណោះ”។
គួរជម្រាបថា ការវាយប្រហារធ្វើឡើងលើតំបន់ Tower 22 ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនហ្ស៊កដានី-ស៊ីរី ហើយចលនាតស៊ូឥស្លាមមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ ក៏បានចេញមុខទទួលខុសត្រូវហើយដែរ៕