(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ បង្កពីរថយន្តផ្លាកលេខរដ្ឋ១គ្រឿង រីឯអ្នកបើកបរគេសង្ស័យលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ។
បានបុកម៉ូតូបណ្តាលឱ្យសិស្សសាលា២នាក់ ម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់..!។
ហេតុការណ៍នេះ បានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ច្រមុះជ្រូករូបតោ ស្ថិតក្នុងភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី៣ខែកុម្ភៈ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើង រវាងរថយន្តនិងម៉ូតូ ដោយជនរងគ្រោះជាសិស្សសាលាម្នាក់ បានស្លាប់ឈ្មោះ ឆាំ កក្កដា អាយុ១៦ឆ្នាំនៅភូមិសំរោង ឃុំចុងដូងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បើកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ធំ1O-2302 ។
រីឯអ្នករួមដំណើររងរបួសធ្ងន់ឈ្មោះ ផាត សុភណ្ឌ អាយុ២៣ឆ្នាំនៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
រថយន្តបង្កម៉ាកត្រៃតុន ផ្លាកលេខរដ្ឋ១៧.២.០៧២៥.បើកបរដោយឈ្មោះ ប៊ុន សុធី អាយុ៤៥ឆ្នាំនៅភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល គេបានស្គាល់ជា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីបន្តនីតិវិធី។
ចំណែកសាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕