(ព្រៃវែង)៖ ថ្លែងក្នុងពេលប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តព្រៃវែង កាលពីព្រឹកទី០៥.០២.២០២៤។
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រៃវែង។
ត្រូវពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផ្ដល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមករកសេវាទាំងអស់នោះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់..!។
កិច្ចប្រជុំនេះ ធ្វើឡើងនៅអគាររដ្ឋបាលខេត្តព្រៃវែង ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។
ក្នុងនោះ ក៏មានការពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំ ខែមករា ឆ្នាំ២០២៤ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។
ពិនិត្យ និងអនុម័តលើ តារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការសាលាខេត្ត សម្រាប់ឆ្នាំ២០២៣ (ចាប់ពីខែ សីហា ដល់ខែធ្នូ ឆ្នាំ២០២៣)។
លោក ហ៊ី ធួក អភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង។
ចំពោះការស្រោច ស្រពស្រូវរដូវប្រាំងរបស់បងប្អូនកសិករ ដោយឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។
បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។
ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១គ.ម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ នៃខេត្តព្រៃវែង។
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងថា មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវ។
ចូលរួមដោះស្រាយបញ្ហាទឹកសម្រាប់ជួយស្រោចស្រពស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់កំពុងតែ មមាញឹកក្នុងការបង្កបង្កើនផលស្រូវ រដូវប្រាំងនាឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនផងដែរ។ ដូចជា ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជាពិសេស គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាព។
លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។
សូមប្រយ័ត្ន ឱ្យបានខ្ពស់ចំពោះបញ្ហាភ្លើងធូបភ្លើងទៀន ដែលអាចបង្ករជាអគ្គីភ័យផងដែរ៕