(ភ្នំពេញ)៖ នៅទីបំផុត មេធាវីតំណាងឱ្យ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងឈ្មោះ ស៊ឹង សែនករុណា ភេទប្រុស កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨២ មានអាសយដ្ឋានផ្ទះលេខ៣៧ស្ងួន ផ្លូវលេខ៣៥១ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចូលស្ថាប័នអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយទាមទារសំណងជំងឺចិត្ត ចំនួន២.០០០លានរៀល។
-នេះបើយោងតាមពាក្យបណ្ដឹង នៅថ្ងៃទី០៥.០២.២០២៤។
-ក្នុងបណ្ដឹងនោះមេធាវី បានរាយការណ៍ជូនព្រះរាជអាជ្ញាថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ឹង សែនករុណា បានថ្លែងតាមរយៈសារព័ត៌មាន(ឌឹ ខេមបូឌា ដេលី)ថា វិវាទរបស់ អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការ មកដោះស្រាយទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះ កត់ សម្គាល់ថា គណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា គណបក្សនេះគួរ យោគយល់ដល់លោក សុន ឆ័យ។
ឈ្មោះ ស៊ឹង សែនករុណា បន្តថា គណបក្សកាន់អំណាច តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូ នយោបាយប្រឆាំងរបស់ខ្លួន។
លោកថា គណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នាគួរ បញ្ឈប់នូវវប្បធម៌គំរាមកំហែង ដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។.
មេធាវីតំណាងឱ្យ គណបក្សប្រជាជនកម្ពុជា បានចាត់ទុក ការថ្លែងខាងលើរបស់ឈ្មោះ ស៊ឹង សែនករុណា ថា ស្តែងចេញនូវចេតនា បំភ្លៃផ្ទុយពីការពិតថា គណបក្ស ប្រជាជនកម្ពុជា…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ… និង … តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាប សង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន. ព្រមទាំងប្រើប្រាស់..វប្បធម៌គំរាមកំហែងដៃជូនយោបាយរបស់ខ្លួន.។
ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា។
ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះ គណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។
សេចក្តីដូចបានបញ្ជាក់ជូនខាងលើ ក្នុងនាមជាមេធាវី តំណាង គណបក្សប្រជាជនកម្ពុជា សុំប្តឹង និងសំណូមពរដូចខាងក្រោម:
ស្នើសុំឱ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន។
ទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូន គណបក្សប្រជាជនកម្ពុជា ចំនួន ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល ។
សូមជម្រាបថាៈ នៅថ្ងៃទី០៤.០២.២០២៤ សម្តេចតេជោ ហ៊ុន សែន បានឱ្យមេធាវី គណបក្សគណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា មន្ត្រីសមាគមអាដហុក ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា“គ្មានការយោគ យល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។
ក្នុងការចុះផ្សាយក៍មានការនិយាយដោយសឹង សែនករុណា។
ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។”
សម្តេចតេជោបានសង្កត់ធ្ងន់ថា យើងសូម បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថ មើលងាយងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើង តាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)៕