(ភ្នំពេញ)៖ នាព្រឹកទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ។
សម្តេចធិបតី បានមានប្រសាសន៍ថា កម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ប្រែក្លាយប្រទេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតីបានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។
២០ឆ្នាំក្រោយមានសុខសន្តិភាព រាជរដ្ឋាភិបាលបានប្រឹងប្រែងប្រែក្លាយជីវភាពប្រជាពលរដ្ឋ ពីកម្រិតក្រីក្រ ទៅជាចំណូលមធ្យម និងពីមធ្យម ទៅចំណូលខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ។
ការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។
សម្តេចបន្ថែមថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង។
សម្តេចធិបតីបានបន្តថា កម្មវិធីគាំពារសង្គមមានប្រជាពលរដ្ឋប្រមាណ ៦លាន ៥សែន បានទទួលប្រយោជន៍ ហើយចំណាយខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។
ប្រទេសមួយមានសេដ្ឋកិច្ចប្រកបដោយចីរភាព គឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍។
សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម។
កំណើនសេដ្ឋកិច្ច៧ភាគរយមុនពេលកូវីដ១៩ មិនមែនដោយសារតែនយោបាយគាំពារសង្គមនោះទេ តែជាសមិទ្ធផលកើតចេញពីគោលនយោបាយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តរក្សានយោបាយគាំពារសង្គម ហើយគោលនយោបាយរាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌ និងវប្បធម៌ចែករំលែកនៅក្នុងសង្គមខ្មែរ។
សម្តេចបន្តថា គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។
គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្ដុំនៃកម្មវិធីជាតិ ជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និង អចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក និង សមាជិកគ្រួសារដែលជាជនរងគ្រោះ និង ជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ចំនួន ៤ បញ្ចូលគ្នា រួមមានៈ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និង កុមារ អាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យម សិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង (៤) កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមលើកម្មវិធីទាំង៤នេះថា, កញ្ចប់គ្រួសារក៏មាន ការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ, និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគ អេដស៍-ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារ នឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្ដងៗចាប់ពីខែ មករា ដល់ ខែមីនា ឆ្នាំ ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែ មេសា ឆ្នាំ ២០២៤ តទៅ។
នៅក្នុងឱកាស នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក៏បានអញ្ជើញផ្ដល់កិត្តិយបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នា នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា មួយចំនួនផងដែរ៕